ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីដាក់លក្ខខណ្ឌសម្រាប់ជួបពិភាក្សាជាមួយអ៊ុយក្រែន ពាក់ព័ន្ធការនាំផលិតផលកសិកម្ម

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានប្រកាសថា កិច្ចប្រជុំកំពូលរវាងរុស្ស៊ីនឹងអ៊ុយក្រែនអាចនឹងកើតឡើងក្នុងពេលដែលភាគីទាំងពីរតភ្ជាប់កិច្ចពិភាក្សាឡើងវិញ។ ទន្ទឹមនឹងនោះក៏នឹងពិភាក្សាស្តីពីការនាំស្បៀងអាហារ ផលិតផលកសិកម្មរបស់អ៊ុយក្រែនចេញទៅក្រៅប្រទេស។
សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានរងផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខស្បៀងអាហារ ពិភពលោកទាំងមូល ដោយផលិតផលកសិកម្មជាច្រើន ពិសេសស្រូវសាលី មិនអាចនាំចេញទៅក្រៅបាន។ ក្នុងពេលនេះ ប្រមុខ UN ព្រមានថា ផលប៉ះពាល់នៃសង្រ្គាមអ៊ុយក្រែនចំពោះពិភពលោក កាន់តែអាក្រក់ឡើងៗ។
ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ផលវិបាកដែលកើតចេញអំពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន គឺកាន់តែអាក្រក់ទៅៗ ដែលទំនងជាមានមនុស្សប្រមាណ១.៦ ពាន់លាននាក់រងផលប៉ះពាល់។
នៅក្នុងរបាយការណ៍លើកទី២ របស់ UN ស្តីអំពីផលប៉ះពាល់នៃសង្រ្គាម លោក ហ្គូតឺរ៉េស បានគូសបញ្ជាក់ថា «ផលប៉ះពាល់នៃសង្រ្គាមលើវិស័យសន្តិសុខស្បៀង ថាមពល និងហិរញ្ញវត្ថុជាប្រព័ន្ធ គឺកាន់តែធ្ងន់ធ្ងរទៅៗ ហើយកំពុងវិវឌ្ឍន៍ទៅមុខផងដែរ»។ លោកបានបន្ថែមថា សម្រាប់មនុស្សជុំវិញពិភពលោក សង្រ្គាមបានគំរាមកំហែងដល់ពួកគេឱ្យធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្ស ដែលមិនធ្លាប់មានពីមុនមក ហើយនឹងបន្សល់ទុកនូវភាពវឹកវរផ្នែកសង្គមនិងសេដ្ឋកិច្ចទៀតផង ខណៈដែលវិបត្តិស្បៀងអាហារក្នុងឆ្នាំ២០២២នេះ ជាសញ្ញាបង្ហាញអំពីការខ្វះខាតលទ្ធភាពទទួលបានស្បៀងអាហារនៅឆ្នាំក្រោយ។
លោក ហ្គូតឺរ៉េស បានទទូចថា មានតែវិធីមួយគត់ដើម្បីបញ្ចប់ព្យុះភ្លៀងនៃវិបត្តិនេះ គឺការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ជាមួយគ្នានេះ ប្រមុខនៃស្ថាប័នកំពូលរបស់ពិភពលោករូបនេះ ក៏បានអំពាវនាវឱ្យមានកិច្ចព្រមព្រៀងរួម ដែលអនុញ្ញាតឱ្យមានការនាំចេញស្បៀងអាហារដែលផលិតដោយអ៊ុយក្រែនតាមច្រកសមុទ្រខ្មៅដោយសុវត្ថិភាព និងការនាំចេញស្បៀងអាហាររបស់រុស្ស៉ីទៅកាន់ទីផ្សារពិភពលោកដោយគ្មានការរារាំង។
តាមរបាយការណ៍របស់ UN មានប្រទេសចំនួន ៩៤ ដែលមានប្រជាជនប្រហែល ១.៦ ពាន់លាននាក់កំពុងជួបការខ្វះខាត ស្បៀងអាហារធ្ងន់ធ្ងរ និងមិនអាចដោះស្រាយបាន។ ជាមួយគ្នានេះ សង្រ្គាមអាចបង្កើនចំនួនប្រជាជនដែលគ្មានសុវត្ថិភាពស្បៀងអាហារ រហូតដល់ចំនួន ៣២៣លាននាក់ នៅដំណាច់ឆ្នាំ២០២២នេះ៕ ដោយ៖ ធីរីណា

រូបថត៖ Tass


ចែករំលែក៖