នៅថ្ងៃទី២០ ខែមិថុនា តាមតួលេខរបស់ក្រសួងមហាផ្ទៃបារាំង បានបញ្ជាក់ថា ប្រធានាធិបតី ម៉ាក្រុង បានបាត់បង់សិទ្ធិគ្រប់គ្រងរដ្ឋសភា នៅក្នុងការបោះឆ្នោតជុំទីពីរ ដោយទទួលបានតែ២៤៥កៅអីប៉ុណ្ណោះ ក្នុងចំណោម៥៧៧កៅអីក្នុងរដ្ឋសភា ។
សម្ព័ន្ធមិត្តរបស់លោកម៉ាក្រុង មិនអាចរកបានកៅអីចំនួន ២៨៩ ក្នុងសភាដើម្បីបន្តគ្រប់គ្រងសំឡេងភាគច្រើនបន្តទៀតបានទេ ។ ក្នុងពេលជាមួយគ្នានេះដែរ សម្ព័ន្ធមិត្ត ក្រុមប្រឆាំង NUPES របស់លោក Luc Melenchon ទទួលបាន ១៣៥កៅអី និងគណបក្ស(RN) ទទួលបាន ៨៩កៅអី។
ជាមួយនឹងលទ្ធផលខាងលើ ប្រធានាធិបតីម៉ាក្រុងនៅតែជាគណបក្សទទួលបានកៅអីច្រើនជាងគេក្នុងរដ្ឋសភាអាណត្តិថ្មី។ ប៉ុន្តែជាមួយ ២៤៥កៅអី សម្ព័ន្ធមិត្តរបស់លោកបានបាត់បង់សំឡេងភាគច្រើន អាចសម្រេចគោលនយោបាយរបស់រដ្ឋាភិបាលពេលដាក់ទៅអនុម័តក្នុងរដ្ឋសភា។ នៅពេលនេះមេដឹកនាំក្រុមប្រឆាំង លោក Jean-Luc Melenchon នឹងក្លាយជាក្រុមប្រឆាំងធំបំផុតគ្រប់គ្រងសំឡេងភាគច្រើនក្នុងសភា ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានចាត់ទុកថា នេះជា«ការតក់ស្លុតប្រជាធិបតេយ្យ» ហើយបើសម្ព័ន្ធមិត្តផ្សេងទៀតមិនសហការនោះទេ នឹងរារាំងដល់សកម្មភាពកែទម្រង់និងការពារពលរដ្ឋបារាំង ៕ ដោយ៖ ធីរីណា
រូបថត ៖ AFP