ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាម ដាក់ចេញគោលការណ៍ ៨ចំណុច ដើម្បីឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅឆ្នាំសិក្សា ២០២១-២០២២ សម្រាប់ខេត្តកំពង់ចាម។ ពិធីនេះធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ អង្គការដៃគូរក្នុងវិស័យអប់រំ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានធ្វើការសំណេះសំណាលប្រកបដោយភាពកក់ក្តៅ និងភាពស្និទ្ធស្នាលបំផុត និងបានដាក់ចេញនូវគោលការណ៍ ចំនួន៨ ចំណុច ដើម្បីឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់។ 

គោលការណ៍ទាំង៨ចំណុច រួមមាន ៖  

ទី១. ត្រូវលើកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ជា ពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយប្រកបដោយ សមត្ថភាពរីកចម្រើនលើគ្រប់ផ្នែក គឺផ្នែកចំណេះដឹង ចំណេះធ្វើ ផ្នែកជំនាញបច្ចេកទេស ផ្នែកគុណធម៌ ចរិយាធម៌ និងសុខមាលភាព ដែលជាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ជីវភាពរស់នៅពិតប្រាកដនៅក្នុងសង្គមជាតិយើង។

ទី២. ត្រូវពង្រឹង និងពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ក្នុងការប្រមូល កុមារដល់វ័យសិក្សាឱ្យចូលរៀន ជាពិសេសកុមារី កុមារជួបការលំបាក និងកុមារជនជាតិភាគតិច និង កុមារពិការឱ្យមានឱកាស និងមានសំណាងស្មើៗគ្នា បានចូលរៀនគ្រប់ៗគ្នានៅបឋមសិក្សា និងមធ្យម សិក្សា ដើម្បីឆ្ពោះទៅរកការអនុវត្តកាតព្វកិច្ចសិក្សា ០៩ឆ្នាំ ការអប់រំមូលដ្ឋានទាំងអស់គ្នា ពិសេសនៅ មត្តេយ្យសិក្សាឱ្យបានខ្ពស់ជាងនេះទៀត ។ 

ទី៣. ត្រូវពង្រីកសាលាកុមារមេត្រី ដែលកំពុងមានប្រជាប្រិយភាពនៅលើឆាកអន្តរជាតិឱ្យបាន គ្រប់ភូមិសិក្សា នៃសាលារៀនទូទាំងខេត្ត។

ទី៤. បន្តការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និង វាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូទៅកន្លែង ដែលខ្វះគ្រូឱ្យបានសមស្រប។

ទី៥. បន្តថែទាំកែលម្អ ជួសជុលអគារសិក្សា មូលដ្ឋានសម្ភារបរិក្ខារដែលមានស្រាប់ និងសាង សង់ថ្មីបន្ថែម ពិសេសគឺការរៀបចំបរិស្ថានសាលារៀន ថ្នាក់រៀន ឱ្យទៅជាទីកន្លែងមេត្រី សម្រាប់ សិស្សានុសិស្ស។

ទី៦. ចំពោះថវិកាកម្មវិធី សូមប្រើប្រាស់ថវិកានេះឱ្យចំទិស តម្លាភាព គណនេយ្យភាព និងចៀសវាងភាពអសកម្មផ្សេងៗ។

ទី៧. ពង្រឹង និងពង្រីកបន្ថែមទៀត ទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីប្រមូលធនធានជួយអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម យើងឱ្យ កាន់តែមានភាពរីកចម្រើនឈានឡើងមួយកម្រិតថែមទៀត។

ទី៨. សូមលោកនាយក លោកស្រីនាយិកា មាតា បិតា អាណាព្យាបាលទាំងអស់ ត្រូវតែខិតខំ អប់រំណែនាំដល់សិស្សានុសិស្ស និងកូនរបស់ខ្លួន ឱ្យគោរពវិន័យសាលា វិន័យគ្រួសារ និងច្បាប់របស់ សង្គមជាតិយើងឱ្យបានខ្ជាប់ខ្ជួន កុំឱ្យដើរលេងផ្តេសផ្តាស គេចសាលា មិនចូលផ្ទះ និងទៅប្រព្រឹត្តអំពើពាលាអវាសែជាដើម។ល។ 

ដោយ​៖សហការី​


ចែករំលែក៖