ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីអោងសាន ស៊ូជី ត្រូវបញ្ជូនទៅឃុំខ្លួននៅមន្ទីរឃុំឃាំងយោធា

ចែករំលែក៖

អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ខែមិថុនា បានប្រកាសថា អតីតទីប្រឹក្សាជាតិមីយ៉ាន់ម៉ា លោកស្រីអោងសាន ស៊ូជី ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងមន្ទីរឃុំឃាំងមួយនៅក្នុងរដ្ឋធានី ណៃពិដោ សាងសង់ឡើងដោយកម្លាំងយោធា។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវបានផ្លាស់ប្តូរពីការឃុំខ្លួនក្នុងផ្ទះទៅកាន់បន្ទប់ឃុំឃាំងក្នុងបរិវេណពន្ធនាគារវិញ ប៉ុន្តែស្ថិតក្នុងរដ្ឋធានីណៃពិដោដដែល។
ចាប់តាំងពីត្រូវទម្លាក់ចេញពីអំណាចដោយរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១មក លោកស្រី ស៊ូជី ត្រូវបានឃុំឃាំង ក្នុងផ្ទះនៅទីតាំងមួយកន្លែងដែលមិនមានការបញ្ជាក់ច្បាស់ឡើយ ដោយគេគ្រាន់តែដឹងថា ស្ថិតក្នុងរដ្ឋធានីណៃពិដោ។ បើតាមការអះអាង របស់ប្រភពដែលដឹងអំពីស្ថានភាពលោកស្រី គឺអំឡុងនៃការឃុំឃាំងនោះ លោកស្រីមានអ្នកជួយបម្រើមួយចំនួន ព្រមទាំងសត្វសុនខចិញ្ចឹម១ក្បាល។
លោក Min Tun បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយអនុលោមតាមនីតិវិធីព្រហ្មទណ្ឌ លោកស្រី ស៊ូជី ត្រូវបានផ្លាស់បញ្ជូនទៅកាន់បន្ទប់ឃុំឃាំងមួយដាច់ដោយឡែកតែឯងនៅក្នុងបរិវេណពន្ធនាគារ ចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះ។ ប្រភពដែលដឹងអំពីករណីខាងលើបានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកស្រី ស៊ូជី ពិតជាត្រូវបានគេបញ្ជូនទៅកាន់ពន្ធនាគារកាលពីថ្ងៃពុធមែន ខណៈដែលអ្នកបម្រើនិងសត្វចិញ្ចឹមមិនត្រូវបានអនុញ្ញាតឱ្យទៅជាមួយលោកស្រីឡើយ ហើយសន្តិសុខនៅជុំវិញបរិវេណពន្ធនាគារក៏មានសភាពតឹងតែងជាងមុនផងដែរ។ យ៉ាងណាមិញ សុខភាពរបស់លោកស្រីគឺត្រូវបានអះអាងថា ស្ថិតក្នុងស្ថានភាពល្អធម្មតា។
កាលពីថ្ងៃពុធសប្តាហ៍នេះទើបតែមានសេចក្តីរាយការណ៍ថា ការរៀបចំសវនាការសម្រាប់សំណុំរឿងលោកស្រី អោងសាន ស៊ូជី គឺត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបញ្ជាឱ្យផ្លាស់ទៅធ្វើនៅក្នុងពន្ធនាគារវិញ ខណៈដែលកន្លងមកសវនាការទាំងនេះ បានប្រព្រឹត្តទៅនៅក្នុងតុលាការជាធម្មតា៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖