ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកមួយចំនួន​ក្នុង​ខេត្ត​បាត់ដំបង​ រងផលប៉ះពាល់​ខូចខាតផ្ទះសម្បែងជាច្រើនខ្នងដោយសារឥទ្ធិពលភ្លៀង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ដោយសារឥទ្ធិពលភ្លៀងធ្វើឱ្យប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាស្រុកនៅខេត្តបាត់ដំបងរងផលប៉ះពាល់ខូចខាតលំនៅឋានជាពិសេសងាប់សត្វពាហនៈចំពេលរដូវបង្កបង្កើនផលនិងបណ្ដាលឱ្យខូចខាតផល ដំណាំ។ អាជ្ញាធរខិតខំយកចិត្តទុក ដាក់ក្នុងការផ្សព្វ ផ្សាយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នផងដែរ ។

គួរបញ្ជាក់ថា ជាច្រើនថ្ងៃកន្លងមកនេះក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មាន​ធ្លាក់ភ្លៀងលាយឡំខ្យល់កន្ត្រាក់និងផ្គររន្ទះជាបន្តបន្ទាប់ជាប់ៗគ្នារាល់ថ្ងៃទាំងក្នុងខេត្តនិងតាមបណ្តាស្រុកផ្សេងៗ បង្កឲ្យស្រុកមួយចំនួនរងផលប៉ះពាល់ដល់លំនៅដ្ឋានជាច្រើនខ្នងក្នុងនោះ ក៏មានសត្វគោអ្នកស្រុក១ក្បាលផងត្រូវបានរន្ទះបាញ់ តែមិនទាន់បង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះនៅឡើយ។

 ស្រុកដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិមកដល់ ពេលនេះមាន ២ ស្រុកគឺ ស្រុករុក្ខគីរី កាលពីល្ងាចថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២ មានករណីគ្រោះធម្មជាតិមួយបានកើតឡើង បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២០ខ្នង ដោយសារខ្យល់កន្ត្រាក់​បោកបក់ខ្លាំងស្របជាមួយទឹកភ្លៀង ដែលបានធ្លាក់យ៉ាងជោគជាំលើភូមិសាស្ត្រស្រុក រុក្ខគីរី ទើបបង្កឲ្យមាន​ផល​ប៉ះពាល់​ដល់លំនៅដ្ឋាន ប្រជាពលរដ្ឋជាច្រើនខ្នងបានរងគ្រោះ។

 បើតាមរបាយការណ៍ពីអាជ្ញាធរស្រុកបានបង្ហាញថា ខ្យល់កន្ត្រាក់បានបក់បោកគ្របដណ្តប់ទៅលើឃុំចំនួន ២ក្នុងស្រុករុក្ខគិរី គឺ ឃុំស្តុកប្រវឹក និងឃុំមុខរាហ៍ បណ្តាល​ឲ្យ​របើកដំបូលផ្ទះប្រជាពលរដ្ឋ និងខូចខាតសរុបចំនួន ២០ ខ្នង ដោយមិនបានបង្ក​ឲ្យ​មានការគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។ យ៉ាង ណាក៏ដោយភ្លៀងនៅតែបន្តកើតមានហូរហែរហូតដល់ថ្ងៃទី ២៣ ខែមិថុនា។

ចំណែកស្រុកមោងឫស្សី លំនៅឋានប្រជាពលរដ្ឋចំនួន ១៦ ខ្នង ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញស្ទើរទាំងស្រុងព្រមទាំងមាន រន្ទះបាញ់សម្លាប់សត្វគោ១ក្បាលផងខណ:មេឃកំពុងភ្លៀងធ្លាក់ខ្លាំងកាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី២១ខែមិ ថុនា ឆ្នាំ២០២២ ។ ជាបន្តបន្ទាប់ទៀតការខូចខាតនៅតែមាន ដោយសារឥទ្ធិពលភ្លៀង។ 

ដោយខ្យល់កន្ត្រាក់បានបោកបក់ទៅលើឃុំចំនួន២ ក្នុងស្រុកមោងឫស្សី រួមមាន ឃុំព្រៃស្វាយ ខូចខាតផ្ទះចំនួន១០ខ្នង ក្នុងនោះក៏មានសាលារៀន១ខ្នងផង និង ឃុំគារ ខូចខាតផ្ទះចំនួន៦ខ្នងស្ទើរទាំងស្រុង ក្នុងនោះក៏មានសត្វគោ១ក្បាល ងាប់ដោយសារន្ទះបាញ់ផងដែរ។

មន្ត្រីជំនាញប្រាប់ថា រហូតដល់ពេលនេះខេត្តបាត់ដំបង អាច​បន្តធ្លាក់ភ្លៀងទៀតខណះអាជ្ញាធរមូលដ្ឋានតាមស្រុកបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុង ប្រយ័ត្នចំពោះកូនតូចៗ ក៏ដូចជាអាណាព្យាបាលផង ពេលដែលមានភ្លៀងធ្លាក់ហើយលាយឡំខ្យល់កន្ត្រាក់បោកបក់ខ្លាំងរួមនិងមានផ្គររន្ទះផង ត្រូវចូលក្នុងផ្ទះដោយមិនឲ្យប៉ះពាល់ជាតិដែកឡើយ​ជៀសវាង​គ្រោះថ្នាក់ដោយយថាហេតុ តាមរយះគ្រោះធម្មជាតិខាងលើនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖