ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នារសៀល  ថ្ងៃ សុក្រ ១០ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦   ត្រូវនឹងថ្ងៃទី២៤  ខែមិថុនា ឆ្នាំ២០២២ លោក  ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានជួបជាមួយលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌កម្ពុជានិងប្រទេសសឹង្ហបុរី ក្នុងវិស័យច្បាប់និងប្រព័ន្ធយុត្តិធម៌។

កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិទ្វេភាគីរវាងក្រសួងយុត្តិធម៌កម្ពុជានិងប្រទេសសឹង្ហបុរីក្នុងវិស័យច្បាប់និងប្រព័ន្ធយុត្តិធម៌ ជាពិសេសកិច្ចសហប្រតិបត្តិការលើគម្រោងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

សូមបញ្ជាក់ថា,  ក្នុងជំនួបពិភាក្សានេះ លោកស្រី ឯកអគ្គរដ្ឋទូត បានអញ្ជើញ លោក ជិន ម៉ាលីន ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំជាន់ខ្ពស់នៅសាលានយោបាយសាធារណ: Lee Kuan Yew (Lee Kuan Yew School of Public Policy) រយ:ពេល ៦ សប្តាហ៍ នៅប្រទេសសឹង្ហបុរី ពីពាក់កណ្តាលខែតុលា ដល់ចុងខែវិច្ឆិកា ខាងមុខនេះ។ 

ក្នុងរយ:ពេលនៃវគ្គបណ្តុះបណ្តាលនេះ លោកស្រី ឯកអគ្គរដ្ឋទូត ក៏នឹងរៀបចំឱ្យលោក ជិន ម៉ាលីន ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសសឹង្ហបុរី ដើម្បីស្វះស្វែងរកឱកាសក្នុងការសហការរវាងក្រសួងយុត្តិធម៌កម្ពុជានិងប្រទេសសឹង្ហបុរី ៕

ដោយ ៖ សិលា


ចែករំលែក៖