ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនរេចង្កូតជ្រុលទៅបុករថយន្តកុងតឺន័រ បើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តដាច់កង់មុខខាងឆ្វេង ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកផ្ទប់ជញ្ជាំងផ្ទះប្រជាពលរដ្ឋទៅមុខលែងរួច សំណាងល្អនៅក្នុហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានអ្នករងបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខបើកបរតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញមានបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាក Fordranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BP-5600 បើកបរតាមបណ្តោយផ្លូវ៣៧១សឡា ក្នុងទិសដៅបញ្ច្រាសគ្នា ពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុបានរេចង្កូត មកខាងឆ្វេងដៃជ្រុលទៅបុករថយន្តកុងតឺន័រពេញទំហឹងបណ្ដាលឲ្យដាច់កង់មុខចំហៀងខាងឆ្វេង ហើយរថយន្តបានរេចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋទៅមុខលែងរួច ចំណែករថយន្តកុងតឺន័រ បានបើកគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល។
បន្ទាប់ពីកើតហេតុដោយម្ចាស់ផ្ទះ មិនទាមទារសំណងពីរថយន្តបង្កនោះទេ ឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចទៅជួសជុលដោយខ្លួនឯង៕
ដោយ៖ជ្រោយពេជ្រ