ព័ត៌មានទាន់ហេតុការណ៍៖

ពាក់ព័ន្ធករណី បុរសម្នាក់ល្មើសច្បាប់ចរាចរណ៍ និងមិនស្តាប់ការណែនាំ របស់សមត្ថកិច្ចព្រមទាំងយកខ្សែក្រវាត់វាយសមត្ថកិច្ច ពេលនេះតំណាងអយ្យបានចោទប្រកាន់ជាផ្លូវការហើយ

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីខាងលេីនេះ​ តំណាងអយ្យការបានបេីកការស៊េីបសួរ​ពីបទ​ ហិង្សាដោយមានស្ថានទម្ងន់ទោស​ និងបទជេរប្រមាថជាសាធារណ:​ តាមមាត្រា​ ២១៨​ និងមាត្រា​ ៣០៧​ នៃក្រមព្រហ្មទណ្ឌ​។

សូមបញ្ជាក់ថាជនត្រូវចោទម្នាក់នេះ ត្រូវបាននគរបាលចរាចរណ៍ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង០៣រសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ស្តុប ស្ពានដែក​ ចំការដូង​ តាមបណ្ដោយផ្លូវលេខ២១៧  មូលដ្ឋាន ខណ្ឌដង្កៅ រាជធានីភ្នំពេញ បន្ទាប់ពីល្មើសច្បាប់ចរាចរណ៍ និងមិនស្តាប់ការអប់រំណែនាំ របស់សមត្ថកិច្ច ព្រមទាំងយកខ្សែក្រវាត់វាយចំសមត្ថកិច្ចបន្ថែមទៀត ហើយបញ្ជូនទៅកាន់តុលាការ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

មន្រ្តីជំនាញបានឲ្យដឹងថា បុរសបង្កហេតុុមានឈ្មោះ  ប៊ូ  សុខមាន  មុខរបរកម្មករសំណង់  បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខព្រៃវែង-៥៤០១៣ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ នៅពេលសមត្ថកិច្ចធ្វើការឃាត់ ដើម្បីធ្វើការណែនាំអប់រំ បែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងជេរប្រមាថមេីលងាយ​ និងយកខ្សែក្រវាត់វាយចំមកលេីសមត្ថកិច្ចថែមទៀតផង។ 

បច្ចុប្បន្នជនត្រូវចោទរូបនេះត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរបន្ត អាចនឹងជាប់ពន្ធនាគារជាបណ្តោះអាសន្ន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖