ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ឃាត់ជនសង្ស័យ៥នាក់​ ខណៈ​ម្ចាស់យករថយន្តទៅឱ្យជាងធ្វើ បែរជាជាងលួចយកទៅលក់

ចែករំលែក៖

ខេត្ត​សៀមរាប៖ បេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលខេត្ត​សៀមរាប​ បានឱ្យដឹងនៅថ្ងៃ​អាទិត្យ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងនគរបាលខេត្តសៀមរាប បានស្រាវជ្រាវនិងសហការជាមួយនគរបាលខេត្តកំពង់ចាម ,នគរបាលរាជធានីភ្នំពេញ និងខេត្តព្រៃវែង​ រហូត​ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៥ នាក់មកសាកសួរក្រោយជាប់ពាក់ព័ន្ធការលួចរថយន្ត។ 

ប្រភពដដែលបន្តថា​ កម្លាំងជំនាញ​កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ បានទទួលពាក្យបណ្តឹងពីលោក ឆេម សុគង់ ពីការបាត់រថយន្ត ដែលបានយកទៅទុកឱ្យជាងជួសជុលនៅយានដ្ឋាន ភី.អ.វ៉ាយ ហេីយត្រូវបានជាងលួចយកទៅបាត់។​ ក្រោយពីទទួលបានពាក្យបណ្តឹងនេះ កម្លាំងនគរបាលខេត្តសៀមរាប បានស្រាវជ្រាវ រហូត​ឈានទៅឃាត់ខ្លួនតែម្តង។ 

ជនសង្ស័យទាំង៥នាក់ដែលបានឃាត់ខ្លួននេះរួមមាន៖ ទី១ ឈ្មោះ ហេង សុភ័ក្រ ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុង/ខេត្តកំពង់ចាម, ទី២ ឈ្មោះ ប៉ូលី សានសាន់ ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅ ភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុង/ខេត្តកំពង់ចាម, ទី៣ ឈ្មោះ ណោ ឈាងបួយ ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅ ភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងខេត្តកំពង់ចាម, ទី៤ ឈ្មោះ ផន កក្កដា ភេទប្រុស អាយុ ២៨ឆ្នាំមុខរបរ សារព័ត៌មានBDN.TV ទីលំនៅភូមិខ្លោច ឃុំអូរអង្គុំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទី៥ ឈ្មោះ ផន វាសនា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរសារព័ត៌មានបន្ទាយស្រី ទីលំនៅភូមិខ្លោច ឃុំអូរអង្គុំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ ហេង សុភ័ក្រ បានសារភាពប្រាប់សមត្ថកិច្ចថា រូបគាត់ជាជាងរថយន្តផ្នែកភ្លេីង ហេីយកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ម្ចាស់យានដ្ឋាន ភី.អ.វ៉ាយ បានទាក់ទងឱ្យខ្លួន ទៅធ្វេីការនៅយានដ្ឋាននៅសៀមរាប។ លុះកំពុងធ្វេីការដល់ថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០២២ រូបគាត់បានធ្វេីសកម្មភាពបេីកឡាន ១គ្រឿង ម៉ាក FORD ដែលជាឡានភ្ញៀវយកមកទុកឱ្យធ្វេីចេញពីយានដ្ឋានយកទៅលក់។ បន្ទាប់ពីយកឡានបាន ភ្លាមៗរូបគាត់បានទាក់ទងទៅឈ្មោះ សាន់ ភេទប្រុស ដោយប្រាប់ថា មានឡាន១គ្រឿងគ្មានពន្ធនាំចូល កែចង្កូតពីស្តាំ ទៅឆ្វេង ត្រូវការលក់បន្ទាន់តម្លៃធូថ្លៃ ជួយរកអ្នកទិញផង។

ចំពោះអ្នកទិញរថយន្តពីជនសង្ស័យខាងលើមានឈ្មោះ ឡាំ ហេន ភេទប្រុស អាយុ ៤២ឆ្នាំទីលំនៅផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌទួលគោក រាជធានីភ្នំពេញ បានគេចខ្លួន។ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ចំណែកវត្ថុតាងរថយន្ត ត្រូវបានរកឃើញមកវិញផងដែរ។

បច្ចុប្បន្ន​សង្ស័យទាំង៥នាក់ ត្រូវបានចៅក្រមនៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាឃុំខ្លួនហើយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ៕

ដោយ​៖សហការី​


ចែករំលែក៖