ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ អង្គការ WHO ស្នើឱ្យពាក់ម៉ាស់ឡើងវិញ

ចែករំលែក៖

ក្នុងពេលដែលករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់នៅជុំវិញពិភពលោក អគ្គលេខាធិការអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus នៅថ្ងៃទី១៣ខែកក្កដា បានអំពានាវដល់រដ្ឋាភិបាលបណ្តាប្រទេសអនុវត្តការពាក់ម៉ាស់និងរក្សាគម្លាតឡើងវិញ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
នៅក្នុងកិច្ចប្រជុំប្រចំាសប្តាហ៍ លោក Tedros Adhanom Ghebreyesus បានលើកឡើងថា វីរុសកូវីដ-១៩ កំពុងតែរាលដាលយ៉ាងសេរី ហើយបណ្តាប្រទេសមិនមានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ។
កាលពីសប្តាហ៍កន្លងមក អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា កូវីដ-១៩នៅតែជាស្ថានភាពអាសន្នដល់សុខភាព សាធារណៈ ដែលត្រូវតែយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ។ អគ្គលេខាធិការ Tedros Adhanom Ghebreyesus បញ្ជាក់ថា «កូវីដ-១៩នៅមិនទាន់បញ្ចប់នៅឡើយទេ»។
កាលពីសប្តាហ៍កន្លងមក ក្នុងរយៈពេលពីថ្ងៃទី ៤ដល់ថ្ងៃទី ១០ខែកក្កដា ករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកមានដល់ទៅ ជាង៥,៧លាននាក់ គឺបានកើនឡើង៦% បើប្រៀបធៀបនឹងមួយសប្តាហ៍មុន។
គិតត្រឹមពីដើមឆ្នាំ២០២២ មកទល់ពេលនេះ ច្បាប់រក្សាគម្លាត និងពាក់ម៉ាស់ត្រូវបានលុបចោលនៅក្នុងប្រទេសជាច្រើន ហើយបើកដំណើរការសេដ្ឋកិច្ចទាំងស្រុងឡើងវិញ។ ប៉ុន្តែនៅពេលនេះដោយមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ អង្គការសុខភាពពិភពលោក ស្នើឲ្យពាក់ម៉ាស់និងរក្សាគម្លាតជាថ្មី៕

ដោយ៖ ធីរីណា(រូបថត៖ AP)


ចែករំលែក៖