ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះធម្មជាតិទឹកហូរកាត់ថ្នល់បានកួចឆក់យកជីវិតមនុស្សបីនាក់ឪពុកម្ដាយនិងកូនយ៉ាងអាណោចអាធ័មបំផុត។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលនិងយោធាបានសហការគ្នារុករកឃើញសពជនរងគ្រោះជាប្តីនិងកូន នៅសល់តែសពប្រពន្ធ (ម្តាយ)នៅមិនទាន់រកឃើញនៅឡើយ។ ជនរងគ្រោះទាំង៣នាក់បានស្លាប់ដោយសារតែគ្រោះ ធម្មជាតិទឹកហូរកាត់ថ្នល់ ហើយត្រូវទឹក ហូរកួចចូលទៅក្នុងស្ទឹងយកទៅទាំង៣នាក់តែម្តង ក្នុងអំឡុងពេលភ្លៀង កំពុងធ្លាក់ ។ បើទោះបីជាមិនដឹងទឹកហូរកួចទៅដល់ណាក៏ដោយ ក៏មកទល់ពេល នេះសមត្ថកិច្ចនគបាល និងយោធា កំពុងតែសហការគ្នាបន្តរុករកសពស្ត្រីរងគ្រោះ។
ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៦និង២៥នាទីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ដោយសារតែគ្រោះថ្នាក់ធម្មជាតិភ្លៀងធ្លាក់រយៈពេល៣ ថ្ងៃមកហើយ ដែលធ្វើឱ្យទឹកហូរកាត់ផ្លូវ កួចយកមនុស្សនិងម៉ូតូធ្លាក់ចូលទៅក្នុងស្ទឹងបណ្តាលឱ្យស្លាប់មនុស្ស៣នាក់នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៥ និង១៥៦ នៅចំណុចស្ទឹងកាច់ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សាកសពជនរងគ្រោះទាំង៣នាក់ ខាងលើមាន១-ឈ្មោះ ជា សុខគឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់, ២-ប្រពន្ធរបស់ជនរងគ្រោះ ជា សុខគឿន ដែលគេមិនទាន់ស្គាល់ឈ្មោះ (រកសពមិនទាន់ឃេីញ) និង៣-មិនទាន់ស្គាល់ឈ្មោះកូន។ ពួកគេទាំង៣ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-7548 ។
កម្លាំងនគរបាលសហការជាមួយកម្លាំងយោធា ព្រមទាំងសាច់ញាតិនៃសព បានយកសពឪពុកនិងកូនមកដាក់នៅលើថ្នល់រួចហើយប្រគល់ឱ្យសាច់ញាតិនៃសព។ ដោយឡែកកម្លាំងសមត្ថកិច្ច កំពុងតែបន្តរុករកសពស្ត្រី(ដែលត្រូវជាប្រពន្ធ/ម្តាយ) នៅថ្ងៃនេះបន្តទៀត ខណៈដែលពេលមេឃនៅតែបន្តធ្លាក់ភ្លៀង៕
ដោយ៖ ស សម