ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ប្រហែលជាស្រវឹងស្រាខ្លាំងហើយបានបើករថយន្តឡិចសុីស RX-450h ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជាង៣០ម៉ែត្រក៏ដាច់កាឡេកង់មុខទៅលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ដិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តឡិចសុីស RX-450h ពណ៌សពាក់ស្លាកលេខភ្នំពេញ2Z-9828បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹង ដោយធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជាង៣០ម៉ែត្រ ខូចខាតផ្នែកខាងមុខខាងឆ្វេងនិងដាច់កាឡេកង់ទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ