ព័ត៌មានទាន់ហេតុការណ៍៖

ឆក់យកទូរស័ព្ទពីកម្មការិនីរោងចក្រម្នាក់បានសម្រេចនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ភាពអសកម្មនៅក្នុងខណ្ឌពោធិ៍សែនជ័យនៅកើតមានឡើងជាបន្តបន្ទាប់ ខណៈដែលស្ត្រីជាកម្មការិនីរោងចក្រម្នាក់ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណឆក់យកទូរស័ព្ទរបស់គាត់បានសម្រេចពេលដែលគាត់កំពុងតែដើរចេញពីកន្លែងធ្វើការកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ស្ថិតនៅតាមបណ្ដោយមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មានពីស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះជាកម្មការិនីរោងចក្រ បច្ចុប្បន្នស្នាក់នៅក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានរៀបរាប់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដើរចេញពីធ្វើការក្នុងរោងចក្រ EBC ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដោយធ្វើដំណើរចេញមកពីក្នុងរោងចក្រដូចធម្មតា រួចក៏បានដើរឆ្លងផ្លូវដើម្បីរង់ចាំប្ដីមកទទួលយកត្រឡប់ទៅផ្ទះវិញ។ នៅពេលរូបគាត់កំពុងនិយាយទូរស័ព្ទជាមួយប្ដីរបស់គាត់ ស្រាប់តែលេចមុខជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់បានសម្រេច ធ្វើឱ្យរូបគាត់ដួលរងរបួសស្រាល ចំណែកឯជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។

    ស្ត្រីរងគ្រោះបានបន្តឱ្យដឹងទៀតថា ក្នុងហេតុការណ៍នេះសម្ភារដែលបាត់បង់មានទូរស័ព្ទម៉ាក oppo A2020 ចំនួនមួយគ្រឿង។

    ស្ត្រីរងគ្រោះបានបន្តឱ្យដឹងទៀតថា ខណៈដែលជនសង្ស័យធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់បានសម្រេច ហើយរូបគាត់ដួលរងរបួសស្រាលនេះ ភ្លាមៗនោះប្ដីរបស់គាត់ក៏បានមកដល់ រួចបានសួរនាំហើយក៏បានដឹករូបគាត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យសមត្ថកិច្ចស្វែងរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ប៉ុន្តែពេលដែលរូបគាត់បានទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២ហើយនោះ រូបគាត់និងប្តីបានរង់ចាំសមត្ថកិច្ចនគរបាលប៉ុស្តិ៍អស់រយៈពេលជាងកន្លះម៉ោង ដោយមិនឃើញមានសមត្ថកិច្ចណាម្នាក់ ក៏ដូចជាមេប៉ុស្តិ៍នៅក្នុងប៉ុស្តិ៍នោះទេ ទើបមានអ្នកសារព័ត៌មានធ្វើការផ្សាយផ្ទាល់នៅពីមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២បានប្រហែល១០នាទីទើបឃើញមានសមត្ថកិច្ចមកធ្វើការសួរនាំ និងបាននាំរូបគាត់ទៅដាក់ពាក្យបណ្ដឹងដើម្បីស្វែងរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

    បន្ទាប់ពីដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២រួចសមត្ថកិច្ចបាននាំរូបគាត់និងប្តីទៅចង្អុលបង្ហាញនៅទីតាំងកន្លែងកើតហេតុដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថាតើករណីដែលជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់នេះកើតឡើងក្នុងទឹកដីចោមចៅទី២ ឬក៏យ៉ាងណា។

     ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងមហាវិថីចោមចៅបានសំណូមពរទៅលោក ម៉ន វុធ្ធី ដែលជាអធិការខណ្ឌពោធិ៍សែនជ័យសូមមេត្តាជួយពង្រឹងសមត្ថភាពកូនចៅក្រោមឱវាទដោយជួយល្បាតក្នុងមូលដ្ឋានរបស់លោកដើម្បីឱ្យសមស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឡើងដើម្បី ឱ្យធានាបាននូវសុខសន្តិភាពក្នុងមូលដ្ឋាន ក៏ដូចជាជួយបងប្អូនប្រជាពលរដ្ឋកុំឱ្យមានការភ័យខ្លាចរាល់ការធ្វើដំណើរនៅក្នុងមូលដ្ឋាននេះផង៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖