ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាអ្នកចាត់ការទូរទៅក្នុងក្រុមហ៊ុនម្នាក់យកប្រាក់របស់ក្រុមហ៊ុនត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២២នេះ។
លោក នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ គង់ វណ្ណរ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជាប្រធានក្រុមហ៊ុនសន្តិសុខឯកជនឈ្មោះ ស៊ីឃ្យូរីធីហ្គាដ ៨៨៨៨ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ អ៉ីម ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកចាត់ការទូរទៅក្នុងក្រុមហ៊ុន ថា បានយកប្រាក់របស់ក្រុមហ៊ុន អស់ចំនួន៣០,០០០បាត(បីម៉ឺនបាត)ប្រាក់ថៃ និងប្រាក់ដុល្លារចំនួន៣,៤៥៥$(បីពាន់បួនរយហាសិបប្រាំ)ដុល្លារអាមេរិក។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការ និងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៉ីម ធារ៉ា មានទីកន្លែងកំណើតភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
លោកបញ្ជាក់ថាយោងតាមចម្លេីយសារភាពរបស់ជនសង្ស័យថា ខ្លួនជាបុគ្គលិកនៅក្រុមសន្តិសុខឯកជនឈ្មោះ ស៊ីឃ្យូរីធីហ្គាដ ៨៨៨៨ មានតួនាទីជាអ្នកចាត់ការទូទៅនៅក្នុងក្រុមហ៊ុន ហើយត្រូវបានក្រុមហ៊ុនមានការជឿទុកចិត្ត ហើយឱ្យខ្លួនដើរប្រមូលប្រាក់ពីអតិថិជន បានប្រាក់បាតចំនួន៣៥,០០០បាត(បីម៉ឺនប្រាំពាន់)បាត និង ប្រាក់ដុល្លារជាង ៦,០០០$(ប្រាំមួយពាន់)ដុល្លារអាមេរិក។ ក្នុងនោះខ្លួនបានដកប្រាក់របស់ក្រុមហ៊ុនអស់ចំនួន ៣០,០០០បាត(បីម៉ឺន)បាត និងប្រាក់ដុល្លារចំនួន៣,៤៥៥$(បីពាន់បួនរយហាសិបប្រាំ) ដុល្លារអាមេរិក ដេីម្បីយកទៅប្រើការដូចជា បង់ដី និងបង់រំលោះឡានជាដេីម។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានប្រាប់ឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យអនុវត្តតាមនីតិវិធី ៕
ដោយ ៖ វណ្ណា