ខេត្តស្វាយរៀង៖ តំណាងសប្បុរសជនដែលរស់នៅប្រទេសអូស្រ្តាលី បានប្រគេនគ្រឿងឧបភោគបរិភោគនិងសម្ភារសិក្សាដល់វត្តចំនួន៧ក្នុងខេត្តស្វាយរៀងដែលពិធីនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២២ស្ថិតនៅវត្តសន្តិភាពក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ក្នុងឱកាសនោះក៏មានការនិមន្តចូលរួមពីព្រះគ្រូបញ្ញារតនៈវិជ្ជា ងួន សារិទ្ធ គណៈថ្នាក់កិត្តិយសព្រះសមុហ៍គណៈខេត្ត និងជាព្រះគ្រូចៅអធិការវត្តសន្តិភាព (ហៅវត្តខ្លាហើរ )ព្រះគ្រូចៅអធិការវត្ត លោកតាលោកយាយ តាអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ផងដែរ។
ព្រះគ្រូ ងួនសារិទ្ធ ចៅអធិការវត្តសន្តិភាពហៅ (វត្តខ្លាហើរ )បានមានសង្ឃដីការវត្តចំនួន៧ដែលទទួលសប្បុរសជនដែលរស់នៅប្រទេសអូស្រ្តាលីប្រគេនគ្រឿងឧបភោគបរិភោគនិងសម្ភារសិក្សាមានដូចជាវត្ត សន្តិភាព វត្តព្រៃឆ្លាក់ វត្តឧប្បល រតនារាម (ហៅវត្តធម្មយុត្តិ) វត្តជម្ពូព្រឹក្សា វត្តត្នោត វត្តភូមិធំ និងវត្តចេក។
ព្រះគ្រូចៅអធិការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ដែលរស់នៅប្រទេសអូស្រ្តាលីក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តដែលបានចំណាយថវិកាផ្ទាល់ខ្លួនប្រគេនជាគ្រឿងឧបភោគបរិភោគនិងសម្ភារសិក្សាយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ព្រះសង្ឃដែលគង់នៅវត្ត ដែលជាការរួមចំណែក ដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ឲ្យសក្តិសមជាសាសនារបស់រដ្ឋ និងជាទីដ្ឋានសម្រាប់គោរពបូជា របស់ពុទ្ធសានិកជនខ្មែរគ្រប់ៗរូបផងដែរ។
ជាចុងបញ្ចប់ព្រះគ្រូ ចៅអធិការវត្ត ប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលចូរកើតមានដល់អស់លោកលោកស្រីដែលរស់នៅប្រទេសអូស្ត្រាលីនិងញាតិញោមទាំងអស់សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគនិងសម្ភារសិក្សាដែលប្រគេនដល់វត្តទាំង៧ ក្នុងមួយវត្តទទួលបាន៖ ទឹកត្រី៣យួរ, ទឹកស៊ីអីវ៣យួរ, ស្ករស២គីឡូ, មី១កេស, ទឹកសុទ្ធ១កេស, សៀង១យួរ ,ទឹកដោះគោ៨កំប៉ុង, ត្រីខ២ឡូ ,អំបិល១កញ្ចប់, ទឹកម្ទេស២ដប និងបច្ច័យមួយចំនួន។
ចំណែកអង្ករ ៖ ដោយវត្តសន្តិភាពទទួលបាន៩បាវ ,វត្តជម្ពូព្រឹក្សា១០បាវ ,វត្តព្រៃឆ្លាក់៨បាវ ,វត្តត្នោត៨បាវ ,វត្តចេក៥បាវ, វត្តធម្មយុត្តិ៥បាវនិងវត្តភូមិធំ៥បាវផងដែរ។
គួររំលឹកឡើងវិញថា ទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូន ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែង ដែលប្រមូលផ្តុំនូវវប្បធម៌ និង ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះ អក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ខ្មែរយើងតាំងពីយូរណាស់មកហើយ ៕
ដោយ៖យឹម សុថាន