ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ” International Travel Expo (ITE HCMC) 2022 និងរៀបចំកម្មវិធីរាត្រីកម្ពុជា “Cambodia Night” នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២

ចែករំលែក៖

    ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងលេខ ២៨៧ សជណ.អអទ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ស្តីពីការចូលរួមតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ” International Travel Expo (ITE HCMC) 2022 និងរៀបចំកម្មវិធីរាត្រីកម្ពុជា “Cambodia Night” នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

    ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍន៍ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនជ្រាបថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលបានជំរុញឱ្យបណ្តាប្រទេសអាស៊ានពិចារណាក្នុងការបើកប្រទេសដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈការជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ាន (Intra-ASEAN) និងស្របតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ ឆ្នាំ២០២២-២០២៣ (Recovery) ក៏ដូចជាផែនការយុទ្ឋសាស្ត្រស្តីពីទេសចរណ៍វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍នឹងចូលរួម តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ International Travel Expo (ITE HCMC) 2022″ ដែលនឹងមានការចូលរួមពីក្រុមហ៊ុនជាង៣០០ស្តង់ និងអ្នកទិញ១៥០មកពីបណ្តាប្រទេសជាង៥០ ក្នុងតំបន់និងពិភពលោក ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ នាឱកាសនោះដែរ ក្រសួងទេសចរណ៏នឹងរៀបចំកម្មវិធីរាត្រីកម្ពុជា ‘Cambodia Night” នៅសណ្ឋាគាររឹស (REX Hotel) នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដែលមានការសម្តែងសិល្បៈស្វាគមន៍ និងអញ្ជើញចូលរួមអាហារពេលល្ងាចពីប្រតិបត្តិករ ទេសចរណ៍ និងសមាគមទេសចរណ៍ធំៗនៃបណ្តាប្រទេសអាស៊ាន និងវៀតណាមប្រមាណជាង៣៥០នាក់។

    កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយអំពីសក្ដានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងផ្នែកឯកជនកម្ពុជា-វៀតណាម ផ្សព្វផ្សាយអំពីការបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ជាពិសេសផ្សព្វផ្សាយអំពីកម្ពុជាជាគោលដៅទេសចរណ៍ម៉ាយ (MICE) និងផ្សព្វផ្សាយ “កម្ពុជាជាគោលដៅទេសចរណ៍កីឡា។ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN ParaGames) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រួមជាមួយការអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម។

     ក្រសួងទេសចរណ៍សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍គ្រប់សមាគមទេសចរណ៍ និងដៃគូអភិវឌ្ឍន៍ចូលរួមឱ្យបានច្រើនដើម្បីចាប់យកឱកាសក្នុងការផ្សព្វផ្សាយលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជានៅលើទីផ្សារ វៀតណាម។ 

   សូមទំនាក់ទំនងចុះឈ្មោះចូលរួមពិព័រណ៍ខាងលើ តាមរយៈទូរស័ព្ទលេខ០១៧ ៩៣៨ ៣៩៣/០៩៣ ៣០០ ៥៥៥ ឬអ៊ីម៉ែល prakvuthy 19$3@gmail.com/narann1965@gmail.com ត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖