ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងបាត់បង់ទ្រព្យសម្បត្តិជាង២ម៉ឺនដុល្លារទាំងថ្ងៃរសៀល

ចែករំលែក៖

    ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងមានទំហំ ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ដំបូលប្រក់ស័ង្កសី រៀបឥដ្ឋខាងក្រោមត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះជួយដងទឹកជះពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចឱ្យមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

    ការភ្ញាក់ផ្អើលឃើញភ្លើងឆេះផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះមាស មុន្នី អាយុ៥០ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ សៅ សិរី អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកើតហេតុខាងលើ ។

    ចំពោះសម្ភារបាត់បង់រួមមាន៖ ប្រាក់ចំនួន២០.០០០ដុល្លា(ពីរម៉ឺនដុល្លារអាមេរិក), អង្ករ២បាវ ស្រូវ១០បាវ ទូតាំង១ ទូដាក់ខោអាវ២ និងសម្ភារមួយចំនួនទៀតខណៈមាសចំនួន៣តម្លឹងម្ចាស់ផ្ទះរកឃើញវិញ។

    តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញម្ចាស់ផ្ទះកំពុងលក់ដូរអីវ៉ាន់ដូចសព្វដង ខណៈនោះស្រាប់តែមានផ្សែងហុយចេញពីក្នុងផ្ទះដោយមានអណ្ដាតភ្លើងផងទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះជួយដងទឹកពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងមួយគ្រឿងមកបាញ់ទឹកពន្លត់ទើបរលត់ទៅវិញ។

     សមត្ថកិច្ចនគរបាលបញ្ជាក់ថាមូលហេតុដោយសារតែឆ្លងចរន្តអគ្គិសនីប៉ុន្តែករណីនេះមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕

ដោយ៖យឹម សុថាន


ចែករំលែក៖