រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានប្រកាសថា ប្រទេសរបស់ខ្លួនទទួលបានប្រព័ន្ធការពារដែនអាកាសស្វ័យប្រវត្តិប្រភេទ Gepard 1A2 ពីប្រទេសអាល្លឺម៉ង់ និងគ្រាប់រាប់សិបពាន់គ្រាន់បានបញ្ជូនមកដល់ទីក្រុងកៀវ ជាលើកដំបូង ដែលជាផ្នែកមួយនៃការសន្យារបស់ទីក្រុងប៊ែរឡាំង។
រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អេឡិកស៉ី រ៉េសនីកូវ (Aleksey Reznikov) បានថ្លែងតាមរយៈទូរទស្សន៍រដ្ឋយ៉ាងដូច្នេះថា «យើងកំពុងរង់ចាំជំនួយរថក្រោះ Gepard ចំនួន១៥គ្រឿងដំបូងពីអាល្លឺម៉ង់ ហើយនៅពេលនេះ Gepard ចំនួន៣គ្រឿងបានមកដល់ទីក្រុងកៀវហើយ។ រថក្រោះទាំងនេះបានទៅដល់ដៃកម្លាំង ប្រដាប់អាវុធរបស់យើងរួចហើយ។ ទាំងនេះគឺជាប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង»។
កន្លងមក អាល្លឺម៉ង់បានសន្យាថានឹងបញ្ជូនរថក្រោះប្រឆាំងយន្ដហោះចម្បាំងGepardយ៉ាងហោចណាស់ចំនួន៣០គ្រឿងទៅកាន់អ៊ុយក្រែន។ ការដឹកជញ្ជូនលើកដំបូងនៃរថក្រោះចំនួន១៥គ្រឿងត្រូវបានគេរំពឹងថានឹងមកដល់មុនដំណាច់ខែនេះ ខណៈដែល១៥គ្រឿងទៀតនឹងដឹកជញ្ជូនមកដល់នៅខែសីហា ខាងមុខនេះ។
ការសម្រេចបញ្ជូនអាវុធខាងលើរបស់អាល្លឺម៉ង់នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរ(អាល្លឺម៉ង់-រុស្សុី)កាន់តែតានតឹងខ្លាំងឡើងថែមទៀត ។ ការផ្តល់អាវុធនឹងធ្វើឱ្យសង្គ្រាមកាន់តែអូសបន្លាយ ហើយតំបន់អឺរ៉ុបក៏ទទួលផលប៉ះពាល់ខ្លាំងពីសង្គ្រាមនោះដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ ANTD.VN