ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី២៦ ខែកក្កដា ឆ្នាំ២០២២នេះថា៖
ដោយអនុវត្តបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរជធានីភ្នំពេញ បន្ទាប់ពីបានឃើញគណនីផេកហ្វេសប៊ុកមួយដែលមានឈ្មោះ Kaa Offical បានផុសឃ្លីបវីដេអូចំណងជើងថា “វិប្បដិសារី” នៅលើសបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងសកម្មភាពបុរស០២នាក់ សម្តែងសកម្មភាពដោយនិយាយពាក្យពេជន៍ អសីលធម៌ អាសអាភាស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម ហើយក៏មានការផ្ទុះប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ ។
នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ សហការជាមួយផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានធ្វើការកោះហៅបុគ្គលទាំង០៣នាក់ ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន បុគ្គលទាំង០៣នាក់រួមមាន ៖
១- ឈ្មោះ វណ្ណា ឌី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសិល្បករ (តួសម្តែង)
២- ឈ្មោះ ងួន ពិសី ភេទប្រុស អាយុ១៨ មុខរបរ សិល្បករ
៣- ឈ្មោះ ពៅ ដេវីដ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផេក ។
សូមបញ្ជាក់ថាជនទាំង៣នាក់ខាងលើនេះក្រោយពីទទួលកំហុសរួចសមត្ថកិច្ចបានឲ្យត្រឡប់ទៅផ្ទះវិញ៕
ដោយ៖ អរុណរះ