ខេត្តព្រះសីហនុ ៖ យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធី ពិសារអាហារសាមគ្គីជាមួយប្រតិភូជាន់ខ្ពស់ នៃសហព័ន្ធនារីវៀតណាមនៅខេត្តព្រះសីហនុ ដឹកនាំដោយលោកស្រី ហា ធីង៉ា ប្រធានសហព័ន្ធនារីវៀតណាម ក្រោមអធិបតីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
លោក គួច ចំរើន ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅទូទាំងខេត្តព្រះសីហនុ សូមស្វាគមន៍ប្រតិភូសហព័ន្ធនារីវៀតណាម មកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតរយៈពេល៥៥ឆ្នាំ បានលើកកម្ពស់ពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ ដោយបាវចនា “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តភាពយូរអង្វែង” ភាគីទាំងពីរ បានរក្សា និងលើកកម្ពស់ប្រសិទ្ធភាព នៃយន្តការសហប្រតិបត្តិការក្នុងក្របខណ្ឌបក្ស និងរដ្ឋាភិបាល ការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹក នាំជាន់ខ្ពស់ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
លោក គួច ចំរើន ក៏បានជម្រាបជូនអំពីសក្តានុពលធនធានធម្មជាតិ និងភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ចែកចេញជា ០២ក្រុង និង ០៣ស្រុក មាន ២៣ ឃុំ និង៦សង្កាត់។ ខេត្តព្រះសីហនុមានអំណោយផលដល់ការវិនិយោគ ធុរកិច្ច ឧស្សាហកម្ម ទេសចរណ៍ កំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលៀន ផ្លូវដែក តំបន់សេដ្ឋកិច្ចពិសេស ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រមណីយដ្ឋានធម្មជាតិដ៏សម្បុរបែប និងជីវចម្រុះ។ ខេត្តមានអត្រាកំណើនសេដ្ឋកិច្ច ៧,១ភាគរយ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) នៅឆ្នាំ២០២០ មាន ៤.៣៧៨ដុល្លាអាមេរិក ក្នុងមួយឆ្នាំ អត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម ២,២៨ភាគរយ នៅឆ្នាំ ២០២១។ រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨ រៀបចំនិងអភិវឌ្ឍ “ក្រុងព្រះសីហនុ ជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន” ។ តាមរយៈការអភិវឌ្ឍទីក្រុងទំនើបបៃតងប្រកបបដោយភាពច្នៃប្រឌិត និងបរិស្ថានរស់នៅល្អប្រសើរបំផុត ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើ សកលលោកសម្រាប់ការស្នាក់នៅ និងការកម្សាន្ត មជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មភស្តុភាកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក ជាក្រុងគំរូគ្រប់គ្រងអភិបាលកិច្ចល្អ ប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង បរិក្ខាទីក្រុង និងផ្តល់ការងារសម្បូរបែប ៕
ដោយ ៖ សិលា