ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Aaron Ramsey ចាកចេញពីក្លិប Juventus បន្ទាប់ពីកិច្ចសន្យាត្រូវបានលុបចោល

ចែករំលែក៖

Aaron Ramsey បានចាកចេញពី Juventus បន្ទាប់ពីក្លិបនៅ Serie A មួយនេះបានប្រកាសថា កិច្ចសន្យារបស់ខ្សែបម្រើសញ្ជាតិវែលរូបនេះត្រូវបាន “បញ្ចប់ហើយ”។ កាលពីសប្តាហ៍មុនកីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានចាកចេញពីក្រុម Juventus សម្រាប់ដំណើរប្រកួតមុនរដូវកាលរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។

Ramsey បានចូលរួមជាមួយក្លិបអ៊ីតាលីលើការផ្ទេរដោយមិនមានតម្លៃខ្លួនក្នុងឆ្នាំ២០១៩ ដោយអតីតកីឡាករ Arsenal រូបនេះត្រូវបានគេរាយការណ៍ថា នឹងទទួលបាន៤០០,០០០ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែ Ramsey បានចំណាយពេលពាក់កណ្តាលនៃយុទ្ធនាការ២០២១-២០២២ក្នុងការខ្ចីជើងនៅក្រុម Rangers របស់ស្កុតឡេន។

គាត់ស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យាដែលរកកម្រៃរបស់គាត់នៅ Juventus ប៉ុន្តែឥឡូវនេះមានសេរីភាពក្នុងការចុះហត្ថលេខាសម្រាប់ក្លិបមួយផ្សេងទៀត ខណៈដែលគាត់ស្វែងរកពេលវេលាប្រកួតដើម្បីត្រៀមសម្រាប់យុទ្ធនាការ World Cup របស់វែលក្នុងប្រទេសកាតានៅខែវិច្ឆិកាខាងមុខ។

Ramsey បានបង្ហាញខ្លួនត្រឹមតែ៥ដងសម្រាប់ Juventus កាលពីរដូវកាលមុន ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់អតីតក្លិប Cardiff City ប៉ុន្តែប្រាក់ឈ្នួលរបស់គាត់ទំនងជាបញ្ហាសម្រាប់ភាគីណាមួយដែលចង់ចុះហត្ថលេខាលើគាត់។ ដោយសារគាត់មានបញ្ហារបួសជាច្រើនក្នុងប៉ុន្មានរដូវកាលកន្លងមកនោះក៏អាចបង្ហាញពីការពិចារណាក្នុងការចុះហត្ថលេខាលើរូបគាត់ផងដែរ។

គាត់ត្រូវបានគេដកចេញពីកម្មវិធីការប្រកួតមុនរដូវកាលរបស់គ្រូបង្វឹក Juventus លោក Massimiliano Allegri រួមជាមួយកីឡាករផ្សេងទៀតដូចជា Federico Chiesa, Mattia de Sciglio, Kaio Jorge, Arthur Melo, Marko Pjaca និង Adrien Rabiot ។

Ramsey មិនមានលេខក្រុមរួចទៅហើយនៅរដូវកាលនេះ ដោយកាលពីមុនពាក់អាវលេខ៨ ហើយវាច្បាស់ណាស់ថា គាត់មិនមែនជាផ្នែកនៃផែនការរបស់លោក Allegri ក្នុងការរក្សាទុកនោះទៀតទេ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖