ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាឡើងជោកខ្លួនបើកឡំប្រឺតាទៅប៉ះរថយន្តទំនើបក្រឡាប់ផ្ងារជើងខ្លួនឯង រួចសងថ្លៃខូចខាតទៅលើរថយន្ត១០០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាឡើងទន់ខ្លួនបានបើកឡំប្រឺតា ប៉ះជាមួយរថយន្តទំនើប បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាខ្លាំង កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្សារនាគមាស តាមបណ្ដោយផ្លូវ២៣០ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក PEUGEOT ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BS-6886 បើកបរដោយបុរសម្នាក់និងស្ត្រីម្នាក់ទៀតរួមដំណើរជាមួយតាមបណ្ដោយផ្លូវ២៣០ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IK-2356 ទិសដៅបញ្ច្រាសគ្នាយ៉ាងលឿននិងស្រវឹងស្រាផងនោះ បានជ្រុលទៅកៀររថយន្តស៊េរីទំនើបខាងលើបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងដោយខ្លួនឯង នេះសំណាងដែរមិនរងរបួស និងប៉ះដល់បងប្អូនប្រជាពលរដ្ឋ ។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយឃើញស្ថានភាពផ្លូវមានការកកស្ទះចរាចរណ៍ពេក ក៏បាញ់ថ្នាំរួចលើកឡំប្រឺតាយកមកអែបខាង ព្រមទាំងសម្របសម្រួលដល់ភាគីទាំងពីរ ។ចុងក្រោយម្ចាស់រថយន្តស៊េរីទំនើបទារសំណង នៃការខូចខាតចំនួន១០០ដុល្លារ ពីម្ចាស់ឡំប្រឺតា ដើម្បីបញ្ចប់រឿង ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖