ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ ក្នុងភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃសុក្រ ១កេីត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ​ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធ ក្នុងភូមិ ហាងខូសួន សង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង។ 

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរង ខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋជាច្រើននាក់។

មានប្រសាសន៍ក្នុងឱកាសនោះដែរលោកស្វាយ សំអ៊ាង បានថ្លែងនូវការកោតសរសើរដល់មន្រ្តីជំនាញ និងថ្នាក់ ដឹកនាំ នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត​ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ នាពេលកន្លងមក។

ក្ក្នុងឱកាសនោះដែលោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា÷ ការចូលរួមក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ របស់ប្រជាពលរដ្ឋ នាពេលនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹងនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  និងជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តន៍ទៅលើវិស័យដីធ្លី និងបញ្ចៀសការកើតមាននូវវិវាទដីធ្លីជាដើម ។

លោកស្វាយ សំអ៊ាង បានជំរុញដល់ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឲ្យបន្តខិតខំចុះបញ្ជីក្បាលដី លក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋតាមបណ្តាក្រុង/ ស្រុក ឃុំ/សង្តាត់ នានា ក្នុងខេត្តស្ទឹងត្រែង និងជំរុញដល់អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ត្រូវធ្វើយ៉ាងឲ្យមានកិច្ចងាយស្រួលដល់ដំណើរការ កិច្ចការចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធត្រូវប្រតិបត្តិដោយកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងជាមួយប្រជាពលរដ្ឋ។ ហើយប្រជាពលរដ្ឋដែលមានដីស្រែ ដីចំការ ដីលំនៅដ្ឋាន និងផ្ទៃដីសាងសង់ទាំងអស់ ដែលមានក្បាលដីស្ថិតក្នុងតំបន់វិច្ឆ័យចុះបញ្ជីដីជាលក្ខណះជាប្រព័ន្ធ ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញសូរិយោដីនៃក្រុមការងារដីធ្លីនៅក្បាលដីរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឲ្យបន្តការយកចិត្តទុកដាក់ បង្ការនឹងការពារ ពីជំងឺកូវីដ-១៩ នឹង ជំរុញឲ្យប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ដូស និងគ្រប់គ្នា៕

ដោយ៖ សូរិយា


ចែករំលែក៖