ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងបាត់ដំបង​ បង្ក្រាប​ និងឃាត់ខ្លួនជនសង្ស័យរក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់ចំនួន​ ៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ មុខសញ្ញាគ្រឿងញៀនចំនួន​ ៣នាក់​ ត្រូវ​បាននគរបាលក្រុងបាត់ដំបង​ បង្ក្រាប​ និងឃាត់ខ្លួនជនរក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់។

របាយការណ៍​ដដែល​បន្តថា​ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២និង៤០នាទីរសៀល​ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ស្ថិតត្រង់ចំណុចក្រុមទី០៦ ភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ ពោ សុផាន់ណា ហៅ ណេ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។ ២-ឈ្មោះ វន កុសល់ ហៅ សឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។ ៣-ឈ្មោះ ឡោ សិលា ហៅ អ៊ុក ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន ៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ០៧គ្រាប់ 

-ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង

-ទូរស័ព្ទដៃចំនួន ០២គ្រឿង 

-សម្ភារច្រករំលែកថ្នាំញៀនលក់ និងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន

-ម៉ូតូ ០១គ្រឿង ម៉ាកហុងដា អ៊ឹមអេសអិច MSX ពណ៌ខ្មៅ លាយខៀវ គ្មានស្លាកលេខ (ចាស់) ។

សូមបញ្ជាក់ផងដែរថា ជនសង្ស័យឈ្មោះ វន កុសល់ ហៅ សឿន មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៧៨ ត.ព្រ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ពីបទរក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០៣​ ខែសីហា​នេះ​ ត្រូវបាននគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ​៖អារុណ​រះ


ចែករំលែក៖