ខេត្តកំពង់ធំ ៖ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត ប្រធានក្រុមការងារបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ចុះទប់ស្កាត់កុំឱ្យប្រជានេសាទ នេសាទហួសដែនកំណត់ លក្ខណៈទ្រង់ទ្រាយធំ ការពារកុំឱ្យដាច់ពូជត្រី នៅព្រឹកថ្ងៃពុធ០៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ។
ប្រធានក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រមទាំងសហការី បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុចចាប់ពីមាត់ព្រែកអំបែងចែស ដល់កោះបឹងស្រែ ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត ដឹកនាំក្រុមការងារចុះបង្រ្កាបបទល្មើសនេសាទទទួលបានលទ្ធផលដូចខាងក្រោម÷បង្កសំណុំរឿងបានចំនួន០១ករណី គឺរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន១៣របាំង ប្រវែង ៣៩០០ម៉ែត្រ ។ ឡុកចំនួន២៦គ្រឿង លបលូចំនួន៣៣ មាត់ បង្គោលចំនួន២៥០០ដើម ចាក់លែងត្រីស្រស់ចំរុះ ចំនួន៥០គីឡូក្រាមចូលទន្លេវិញ ។
ចំណែកឯបទល្មើសនេសាទលក្ខណៈទ្រង់ទ្រាយធំកំពុងតែរីករាលដាលជាបន្តបន្ទាប់ ហេតុនេះហើយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត ដឹកនាំក្រុមការងារចុះបង្ក្រាបទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាបជាបន្ទាន់ នេះរដូវទឹកឡើងជារដូវត្រីពង ដើម្បីការពារធនធានធម្មជាតិកើតឡើងវិញ ៕
ដោយ៖សហការីកំពង់ធំ