ព័ត៌មានទាន់ហេតុការណ៍៖

ចិនបញ្ជូនយន្តហោះបំបាំងកាយ កាំជ្រួចមីស៊ីលល្បឿនលឿនចូលរួមធ្វើសមយុទ្ធ

ចែករំលែក៖

ចិនបានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំជុំវិញកោះតៃវ៉ាន់ ដោយមានអាវុធទំនើបៗជាច្រើន ក្នុងនោះក៏មានមីស៊ីលល្បឿនលឿន DF-17 ផងដែរ។ ការធ្វើសមយុទ្ធនោះ គឺមានយុទ្ធសាស្ត្របិទខ្ទប់ វាយលុកនៅលើដែនសមុទ្រ ដែនគោកនិងដែនអាកាស។
កម្លាំងទាហានចិនធ្វើសមយុទ្ធនៅក្នុងតំបន់សមុទ្រដែលជាច្រកផ្លូវដឹកជញ្ជូនដ៏សំខាន់ ។ ក្រុមអ្នកឯកទេសបានលើកឡើងថាកម្លាំងទាហានចិនបានឡោមព័ទ្ធ ជុំវិញកោះតៃវ់ាន់។ ចិននឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ព័ទ្ធជុំវិញកោះតៃវ៉ាន់ នៅវេលាម៉ោង១២ថ្ងៃត្រង់នេះ។
សារព័ត៌មាន AFP នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា ចិនបានកំណត់យកថ្ងៃទី៤ ខែសីហានេះដើម្បីចាប់ផ្តើមធ្វើសមយុទ្ធយោធាដ៏ធំបំផុតព័ទ្ធជុំវិញកោះតៃវ៉ាន់ ក្រោយប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ប៉េឡូស៉ី បញ្ចប់ទស្សនកិច្ចដ៏ចម្រូងចម្រាសនៅដែនកោះមួយនេះ។
បើយោងតាមការប្រកាសរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន សមយុទ្ធនេះនឹងចាប់ផ្តើមនៅវេលាម៉ោង ១២ថ្ងៃត្រង់ (ពេលវេលានៅប៉េកាំង) ដោយមានសកម្មភាព បណ្តុះបណ្តាលជាក់ស្តែង រួមទាំងសមយុទ្ធបាញ់គ្រាប់ពិត ដែលប្រព្រឹត្តទៅនៅក្នុងតំបន់ដែនទឹក៦ទីតាំងព័ទ្ធជុំវិញកោះតៃវ៉ាន់។ នៅចំណុចខ្លះ គឺស្ថិតនៅចម្ងាយត្រឹមតែ ២០គីឡូម៉ែត្រពីច្រាំងកោះ ហើយសមយុទ្ធយោធានេះនឹងបញ្ចប់នៅពាក់កណ្តាលអធ្រាត្រ ថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
កាសែតរដ្ឋចិន Global Times បានរាយការណ៍ដោយដកស្រង់សម្តីរបស់ក្រុមអ្នកវិភាគយោធាដែលបានឱ្យដឹងថា «សមយុទ្ធបែបនេះគឺមិនធ្លាប់ធ្វើឡើងពីមុនមកនោះទេ ខណៈដែលមីស៉ីលនឹងហោះពីលើកោះតៃវ៉ាន់ជាលើកដំបូង»។
លោកស្រី ប៉េឡូស៉ី បានចាកចេញពីកោះតៃវ៉ាន់កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រោយដំណើរទស្សកិច្ចតិចជាង ២៤ម៉ោងនៅលើកោះនេះ ដោយបន្សល់ទុកការខឹងសម្បាយ៉ាងខ្លាំងដល់ចិន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ CGTN


ចែករំលែក៖