ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ១នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទីអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២នេះ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រាប់ថាៈ ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ងួន ច័ន្ទដារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ដែលប្រព្រឹត្តលួចសម្ភាររបស់ជនរងគ្រោះកាលពីវេលាម៉ោង០៣និង០០នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចសាលាសង្កាត់ប៉ោយប៉ែត ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងដែលបានមកពីធ្វើសកម្មភាពលួចមានកុំព្យូទ័រចំនួន១គ្រឿង និងទូរស័ព្ទដៃចំនួន១គ្រឿង ដែលជារបស់ជនរងគ្រោះ ហើយនាំខ្លួនមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។
ជនសង្ស័យឈ្មោះ សំណាង រតនា (ហៅចរិយា) ភេទប្រុស អាយុ៣២ឆ្នាំ ទីកន្លែងកំណើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ទីលំនៅបច្ចុប្បន្ន ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
បើតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាពលួចកុំព្យូទ័រ ចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន០២គ្រឿងរបស់ជនរងគ្រោះពិតប្រាកដមែន ។ ដោយទូរស័ព្ទ០១គ្រឿងទៀត ខ្លួនបានយកទៅលក់បានប្រាក់ចំនួន២,០០០បាត(ប្រាក់ថៃ) ហើយយកប្រាក់នោះដើរលេងសុីចាយអស់ហើយ ។
ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនពេលបង្រ្កាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
ចំណែកវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដេីមវិញហើយ ៕
ដោយ ៖ វណ្ណា