ខេត្តក្រចេះ ៖ កូនសត្វផ្សោតឈ្មោលមួយក្បាល មានទម្ងន់ជាង១០ គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់នៅតាមដងទន្លេមេគង្គ។
ការប្រទះឃើញនោះនាថ្ងៃ ទី៧ ខែសីហាឆ្នាំ២០២២ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្ត ក្រចេះក្នុងតំបន់អភិរក្សតំបន់ រមណីយដ្ឋានអន្លង់ផ្សោតកាំពី ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី បានឱ្យដឹងថាមកដល់ពេលនេះ គេនៅមិនទាន់ដឹងមូលហេតុថា កូនសត្វផ្សោតខាងលើងាប់ដោយសារអ្វីនៅឡើយទេ ។
ការងាប់របស់កូនផ្សោតនេះ ហាក់មានភាពស្រពិចស្រពិល ប៉ុន្តែ ប្រជាពលរដ្ឋ ភូមិឃុំខាងលើបានដាក់ការសង្ស័យទៅលើការប្រើឧបករណ៍នេសាទខុសច្បាប់ ដែលនាំឱ្យមានការគំរាមកំហែង ដល់ការរស់រានរបស់ សត្វផ្សោតនៅ រមណីយដ្ឋានអន្លង់ផ្សោត កាំពីនោះ។
ក្នុងនោះរួមមាន៖ការដាក់មងខុសច្បាប់ការប្រើប្រាស់ឧបករណ៍ឆក់ជាដើម។
សត្វផ្សោតគឺជាប្រភេទសត្វកម្រមួយនៅលើពិភពលោកដែលមានអង្គការជាច្រើនបាននិងកំពុងចូលរួមអភិរក្ស ក្នុងនោះអង្គការ WWF បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធក្នុងការចូលរួមអភិរក្សសត្វផ្សោតនេះ ប៉ុន្តែដោយសារ តែការនេសាទមួយចំនួនបានប៉ះពាល់ដល់ការរស់នៅរបស់ សត្វផ្សោត ទើបធ្វើឱ្យពួកវាងាប់ជាបន្តបន្ទាប់ែបបនេះ៕
ដោយ ៖ ជីវ័ន្ត