ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភេរវកម្មវាយប្រហារគ្រប់គ្រងសណ្ឋាគារក្នុងរដ្ឋធានីសូម៉ាលី ស្លាប់និងរបួសជាង១០០នាក់

ចែករំលែក៖

ខ្មាន់កាំភ្លើងក្រុមភេរវកម្ម al-Shabab ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្មអាល់កៃដា បានវាយប្រហារដណ្តើមគ្រប់គ្រង សណ្ឋាគារ Hayat នៅក្នុងរដ្ឋធានី Mogadishu នៃប្រទេសសូម៉ាលី ដោយបានសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន ។ តាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានឱ្យដឹងថា មានមនុស្សយ៉ាងតិចក៏៤០នាក់ដែរបានស្លាប់នៅក្នុងការវាយប្រហារនោះ។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២១ ខែសីហាបានផ្សាយថា កម្លាំងសន្តិសុខសូម៉ាលីបានតស៊ូកម្ចាត់ក្រុមភេរវកម្មអាល់សាបាបដោយប៉ះទង្គិចគ្នាដោយអាវុធអស់រយៈពេលជិត៣០ម៉ោងទើបអាចគ្រប់គ្រងស្ថានការណ៍វិញបាន។
តាមការលើកឡើងរបស់មន្ត្រីប៉ូលិសសូម៉ាលី លោក Yasin Haji បានបញ្ជាក់ថា ក្រៅពីអ្នកស្លាប់ក៏មានមនុស្សជិត៥០នាក់រងរបួសផងដែរ ។ ការវាយប្រហារកើតឡើងនៅក្នុងសណ្ឋាគារ Hayat ។ ពលរដ្ឋជាច្រើនត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ហើយក្រុមភេរវករ បានបាញ់ប្រហារទៅលើកម្លាំងសន្តិសុខពីក្នុងសណ្ឋាគារ ។ ប៉ុន្តែនៅទីបំផុត ក្រុមភេរវកម្មក៏ត្រូវចុះចាញ់កម្លាំងសន្តិសុខដែលឡោមព័ទ្ធសណ្ឋាគារ ។
លោក Yasin Haji បានបញ្ជាក់ថា កម្លាំងសន្តិសុខបានឡោមព័ទ្ធសណ្ឋាគារអស់រយៈពេលជាង ២៤ម៉ោង ដោយសារតែក្រុមភេរវកម្មបានចាប់ពលរដ្ឋស្លូតត្រង់ធ្វើជារបាំងការពារ ទើបពិបាកនៅក្នុងការវាយប្រហារ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS​


ចែករំលែក៖