ព័ត៌មានទាន់ហេតុការណ៍៖

«ធម្មជាតិអាចរីកលូតលាស់ដោយមិនត្រូវការមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅដោយគ្មានធម្មជាតិបានទេ»

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ «ការដាំដើមឈើ គឺជាការផ្សារភ្ជាប់ជីវិត និងធម្មជាតិ និង ជាការដឹងគុណដល់ភពផែនដី ដែលបានផ្តល់នូវជីវិត ធនធានធម្មជាតិ ជីវចម្រុះ និងប្រពន្ធ័អេកូឡូស៊ីដ៏ល្អសម្រាប់យើងទាំងអស់គ្នារស់នៅ»។ នេះជាការលើកឡើងរបស់ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើចំនួន ៧០០ដើមនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិចំបក់ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ។ លោកបន្តថា, ដែលជាកិច្ចសហការរៀបចំរវាងក្រសួងបរិស្ថាននិងសាកលវិទ្យាល័យមេគង្គកម្ពុជា។ កម្មវិធីនេះមានការចូលរួមពីលោក ទិត វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្ត ថ្នាក់ដឹកនាំ សាស្ត្រាចារ្យនិងនិស្សិតនៃសកលវិទ្យាល័យមេគង្គកម្ពុជា យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនសសយក និងយុវជនស្រឡាញ់សន្តិភាពសាខាខេត្តកំពង់ស្ពឺ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងបងប្អូនប្រជាសហគមន៍ចំបក់ សរុបជិត ៣០០នាក់។ លោក បានថ្លែងថាពិធីដាំកូនឈើនេះនឹងចូលរួមបណ្តុះស្មារតីពលរដ្ឋកម្ពុជាគោរពស្រឡាញ់បរិស្ថានធនធានធម្មជាតិព្រៃឈើកាន់តែខ្លាំងឡើងថែមទៀត។ 

លោក នេត្រ ភក្រ្តា បានថ្លែងថា ក្រោមដំបូលនៃសុខសន្តិភាព កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីពង្រឹងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិកម្ពុជា ហើយដោយសារតែការអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ កម្ពុជាមាន លទ្ធភាពលក់ឥណទានកាបូននៅលើទីផ្សារឥណទានកាបូនស្ម័គ្រចិត្ត។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាបានឈានដល់របត់ថ្មីនៃការរកលុយពីការអភិរក្សធនធានធម្មជាតិរបស់ខ្លួនដោយបានថ្លែងថា៖ «កម្ពុជាឈានដល់របត់ថ្មីនៃការរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ ដោយរក្សាទិសស្លោក«រក្សាព្រៃឈរ ដើម្បីរកចំណូល»តាមរយៈការលក់ឥណទានកាបូន ទទួលបានចំណូល ដើម្បីកសាងហេដ្ឋារចនាសម្ពន្ធ័ ផ្តល់មធ្យោបាយ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងតាមរយៈការជំរុញលើកអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានាដែលមានសក្តានុពលទេសចរណ៍។ លោករដ្ឋលេខាធិការបានកត់សម្គាល់ថាបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរបានចាប់អារម្មណ៍ខ្លាំងលើទេសចរណ៍ធម្មជាតិដែលជាទេឹចរណ៍ផ្សារភ្ជាប់ទឹកដី បង្កើតការងារ និងចំណូលជាច្រើនជូនដល់ពលរដ្ឋមូលដ្ឋាន។ 

ទាក់ទងនឹងការចូលរួមដាំដើមឈើនៅសហគមន៍តំបន់ការពារធម្មជាតិចំបក់ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចូលរួមរបស់យើងទាំងអស់គ្នានៅថ្ងៃនេះជាការចូលរួមការពារធនធានធម្មជាតិ ជីវៈចម្រុះ រក្សាលំនឹងប្រពន្ធ័អេកូឡូស៊ី និងការថែរក្សាធនធានធានធម្មជាតិរបស់យើង ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុផង និងចូលរួមលើកម្ពស់សេដ្ឋកិច្ចប្រជាសហគមន៍មូលដ្ឋានផងតាមរយៈ«ទេសចរណ៍ផ្សារភ្ជាប់ទឹកដី»។  លោកបន្តទៀតថា ដើមឈើចំនួន៧០០ដើមនេះរួមមានកូនឈើប្រណីតប្រភេទបេង នាងនួន ធ្នុង គគីរ និងដើមផ្កាក្ងោក ដែលបានដាំក្នុងពិធីនៅថ្ងៃនេះ ក៏ជាការចូលរួមបំផុសស្មារតីស្រឡាញ់ និង ទទួលស្គាល់កាន់តែខ្លាំងពីគុណតម្លៃដ៏មហាសាលនៃធនធានធម្មជាតិ ចំពោះជីវិតមនុស្ស សត្វ និងបានចូលរួមការពារបរិស្ថាន និងជំរុញសេដ្ឋកិច្ចជាតិ។ លោក នេត្រ ភក្ត្រា បានថ្លែងថា ការចូលរួមដាំដើឈើនៅពេលនេះមិនមែនត្រឹមតែជាអនុស្សារវីយ៍ដ៏អស្ចារ្យសម្រាប់ជីវិតយើងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីគុណតម្លៃនៃសាមគ្គីភាព កិច្ចសហការ ក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។ 

សហគមន៍តំបន់ការពារធម្មជាតិចំបក់ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានផ្ទៃដីសរុប ៣៤៥១ហិកតា ហើយសហគមន៍នេះមានប្រជាពលរដ្ឋជាង ៦០០គ្រួសារជាសមាជិក។ សហគមន៍តំបន់ការពារធម្មជាតិចំបក់គឺជាសហគមន៍ទេសចរណ៍ធម្មជាតិមួយដែលលេចធ្កោជាងគេ ហើយប្រជាជនបច្ចុប្បន្នបានផ្តល់សេវាទេសចរណ៍ធម្មជាតិដូចជាការផ្តល់សេវាផ្ទះស្នាក់នៅ ការចម្អិនម្ហូបអាហារ សេវាដើរកម្សាន្ត មគ្គុទ្ទេសក៏ទេសចរណ៍ជាដើម។ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានទៅទស្សនាតំបន់នេះ និងបានផ្តល់ចំណូលជាច្រើនដល់សហគមន៍។ ទាក់ទងនឹងចំណុចនេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាការបង្កើតសេដ្ឋកិច្ចមូលដ្ឋានគឺជាគ្រឹះដ៏សំខាន់នៃវិធានការការពារនិងអភិរក្សធនធានធម្មជាតិ។ លោករដ្ឋលេខាធិការបានមានប្រសាសន៍ថាដើម្បីប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្សធនធានធម្មជាតិ វិធានាការច្បាប់ និងវិធានការសេដ្ឋកិច្ចចាំបាច់ត្រូវដើរទន្ទឹមគ្នា ហើយសហគមន៍តំបន់ការពារធម្មជាតិចំបក់គឺជាគំរូជោគជ័យស្រាប់ដែលបង្ហាញពីការបង្កើតសេដ្ឋកិច្ចមូលដ្ឋានដើម្បីពង្រឹងការអភិរក្ស។ 

ជាមួយគ្នា នេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានផ្តល់គំនិតដល់ សហគមន៍រៀបចំទីតាំងតំបន់មួយចំនួនដែលមានព្រៃរិចរិល ដើម្បីឱ្យភ្ញៀវទេសចរអាចចូលរួមដាំដើមឈើទុកជាអនុស្សាវរីយ៍ និងផ្សារភ្ជាប់ជីវិតរបស់ពួកគេនឹងធនធានធម្មជាតិ។ «ធម្មជាតិអាចរីកលូតលាស់ដោយមិនត្រូវការមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅដោយគ្មានធម្មជាតិបានទេ»។

នេះគឺជាការគូសបញ្ជាក់បន្ថែមរបស់រដ្ឋលេខាធិការក្រសួងបរិស្ថានដោយលើកឡើងពីសារៈសំខាន់នៃធនធានធម្មជាតិក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងផ្តល់ខ្យល់ដកដង្ហើមបរិសុទ្ធសម្រាប់មនុស្សនិងជីវៈចម្រុះគ្រប់ប្រភេទ៕

ដោយ ៖ សហការី


ចែករំលែក៖