ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០២២នេះថា៖ លោកវរសេនីយ៍ឯក កោ ស៊ុនកាំង នាយការិយាល័យនគរបាលព្រហហ្មទណ្ឌកម្រិតធ្ងន់បានដឹកនាំកម្លាំងរួមសហការជាមួយកម្លាំងនគរបាលស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯកឡុង យោធាវីរៈ អធិការស្រុក កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២០ ខែសីហាម្សិលមិញនេះ ចុះបង្រ្កាបនិងឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ ក្នុងករណីលួចកាច់សោម៉ូតូនៅក្នុងមូលដ្ឋានស្រុកឯកភ្នំ ដោយដកហូតវត្ថុតាងនិងនាំខ្លួនមកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។
របាយការណ៍ដដែលបន្តថា ជនសង័្សយទាំងពីរនាក់នោះគឺ៖
១-ឈ្មោះ យិន យូហួរ ភេទប្រុស អាយុ៣៨ឆ្នាំស្នាក់ នៅបន្ទប់ជួលស្ថិតនៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ លឹម ហេងហៅទីភេទប្រុស អាយុ៣៨ឆ្នាំស្នាក់នៅបន្ទប់ជួលស្ថិតនៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-វត្ថុតាងដកហូតរួមមាន ៖
-ម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅ ស៊េរីឆ្នាំ2016ពាក់ស្លាកលេខ បាត់ដំបង 1W-4710 ជារបស់ជនរងគ្រោះ។
-ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខបាត់ដំបង 1AE-5459 ជារបស់ជនរងគ្រោះ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៩ខែសីហា ឆ្នាំ២០២២វេលាម៉ោង ៩និង០០នាទី ស្ថិតនៅត្រង់ចំណុចផ្លូវភ្លោះគ្រួសក្រហមប្រឡាយប៉េតុងស្ថិតនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ សាន សុខា ភេទប្រុស ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១២៥ ក្រុមទី០៧ ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវជនសង័្សយមិនស្គាល់អត្តសញ្ញាណលួចយកម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាក លេខបាត់ដំបង 1AE-5459 ។
លុះដល់ថ្ងៃទី២០ខែ សីហា ឆ្នាំ២០២២វេលាម៉ោង១២និង៣០នាទីនៅចំណុចផ្លូវភ្លោះប្រឡាយបេតុង ស្ថិតនៅភូមិតាគម ឃុំពាឯក ស្រុកឯកភ្នំខេត្តបាត់ដំបងមានករណីចោរលួចម៉ូតូមួយករណីទៀត ដែលករណីនេះបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាពលួចម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2016ពាក់ស្លាកលេខ បាត់ដំបង 1W-4710 ជារបស់ជនរងគ្រោះឈ្មោះហាប់ សាវ៉ងហៅប៉ុងភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅ ភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈដែលជនរងគ្រោះបានទុកម៉ូតូលើថ្នល់ហើយចុះទៅច្រូតស្មៅគោនៅចំណុចនោះ លុះឡេីងមកវិញក៍បាត់ម៉ូតូតែម្តង។
បន្ទាប់ពីកេីតហេតុជនងគ្រោះទាំងពីរនាក់បានប្តឹងមកសមត្ថកិច្ចនគរបាល ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតទេីបសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង័្សយយកទៅអនុវត្តទោសតាមផ្លូវច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះធ្វេីការប្រគល់ជូនម្ចាស់វិញ៕
ដោយ៖អារុណរះ