ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា១១និង៣០នាទី ថ្ងៃទី ២១ ខែ សីហា២០២២ មានប្រជាពលរដ្ឋ២នាក់ម្នាក់ឈ្មោះ ប៊ូ ផល្លា(រួចផុតពីគ្រោះថ្នាក់) និងម្នាក់ទៀតឈ្មោះ វុធ វង់ អាយុ២១ឆ្នាំ កំពុងបាត់ខ្លួននៅចំណុចស្ពានយោលតាតោកស្ថិតនៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសារតែទឹកមានសភាពហូរខ្លាំងបណ្ដាលឲ្យគួចក្បូនក្រឡាប់នៅពេលធ្វើដំណើរធ្លាក់ចូលទៅក្នុងទឹក។
នៅក្នុងឧបទ្ទវហេតុនេះ យុវជនឈ្មោះ ប៊ូ ផល្លា បានស្រវ៉ាតោងប៊ីដុងក្បូនជាប់រួចផុតគ្រោះថ្នាក់ ចំណែកឯយុវជនម្នាក់ទៀត ឈ្មោះ វុធ វង់ ធ្លាក់ចូលទឹកគួបផ្សំជាមួយសម្លៀកបំពាក់ក្រាស់ធ្ងន់ផង បណ្ដាលឲ្យផុតដៃផុតជើង ហូរតាមទឹកលិចបាត់រកមិនទាន់ឃើញ។
កម្លាំងអន្ដរាគមន៍កង៥០២ សហការជាមួយកម្លាំងអន្ដរាគមន៍កងពលតូចថ្មើរជើងលេខ៥២ ផ្នែកសឹករងស្រុក សំឡូត នគរបាលការពារព្រំដែនលេខ៣១០ នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំតាតោក និងពលរដ្ឋសរុប ប្រមាណ៤០នាក់ កំពុងស្វែងអ្នកបាត់ខ្លួន៕
ដោយ៖ សូរិយា