អឺរ៉ុបនឹងបោះបង់អាមេរិកនិងអ៊ុយក្រែន ហើយងាកទៅកាន់រុស្ស៊ីវិញក្នុងពេលសំខាន់បំផុត។ នេះគឺជាយុទ្ធសាស្ត្រដែលប្រព័ន្ធផ្សព្វផ្សាយចិន Baijiahao ទើបតែបានចេញផ្សាយ។ ប្រសិនបើអឺរ៉ុបងាកទៅកាន់រុស្ស៊ីពិតមែននោះគឺជារឿងអាក្រក់បំផុតសម្រាប់អាមេរិកនិងអ៊ុយក្រែន ។
អាមេរិកនិងអឺរ៉ុបបានផ្តល់ជំនួយអាវុធជាច្រើនទៅឱ្យអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមតទល់ជាមួយរុស្ស៊ីក្នុងពេលសង្គ្រាមវាយប្រហារពីរុស្ស៊ីចាប់ផ្តើម។ ក្រៅពីផ្តល់ជំនួយយោធា លោកខាងលិចក៏បានដាក់ទណ្ឌកម្មទៅលើរុស្ស៊ីទ្រង់ទ្រាយធំបំផុត ។
ក្នុងរយៈពេលនៃការធ្វើសង្គ្រាម កម្លាំងទាហានអ៊ុយក្រែនមិនបានទទួលជ័យជម្នះទ្រង់ទ្រាយធំណាមួយនោះឡើយ ដោយភាគច្រើនកម្លាំងទាហានរុស្ស៊ីជាអ្នកគ្រប់គ្រងទឹកដីអ៊ុយក្រែនក្នុងតំបន់ Donbass, Kherson និង Zaporozhye។
អ្នកឯកទេសវិភាគរបស់ចិនបានលើកឡើងថា បរាជ័យជាបន្តបន្ទាប់របស់ទាហានអ៊ុយក្រែនបានធ្វើឱ្យលោកខាងលិច ពិសេសគឺអឺរ៉ុប ផ្លាស់ប្តូរគោលជំហររបស់ខ្លួន ដោយអឺរ៉ុបលែងផ្តល់អាវុធទៅឱ្យអ៊ុយក្រែនទៀតហើយ។
តាមសារព័ត៌មានចិន តំណាងរាស្ត្រមកពី១៦ប្រទេសនៃ តំបន់អឺរ៉ុប និងអាមេរិកខាងជើង បង្ហាញពីគោលបំណងចង់ធ្វើជាអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតប្រជាមតិផ្តាច់ខ្លួនចេញពីអ៊ុយក្រែនទៅចូលជាមួយរុស្ស៊ី ។ ភាគច្រើនចេញពីតំណាងរាស្ត្រនៅក្នុងប្រទេស សំខាន់បំផុតរបស់អឺរ៉ុប គឺនៅអាល្លឺម៉ង់ បារាំង ប៉ូឡូញ អេស្ប៉ាញ។ នេះជាសកម្មភាពដែលអាចបញ្ជាក់បានថា អឺរ៉ុបអាចងាកទៅកាន់រុស្ស៊ីវិញ ។
តាមគោលជំហរចាស់ អឺរ៉ុបនឹងប្រឆាំងការបោះឆ្នោតប្រជាមតិផ្តាច់ខ្លួនចេញពីអ៊ុយក្រែន ដូចកាលពីឆ្នាំ២០១៤នៅតំបន់គ្រីមៀ ប៉ុន្តែពេលនេះអឺរ៉ុបមិនបានប្រឆាំងឡើយគឺថែមទំាងគាំទ្រហើយនិងចូលរួមសង្កេតការណ៍ទៀត។
នៅពេលនេះ អឺរ៉ុបមិនអាចជួយខ្លួនឯងបានផង ដូច្នេះមិនអាចបន្តជួយដល់អ៊ុយក្រែនទៀតនោះឡើយ។ តាមសារព័ត៌មាន Baijiahao បានឱ្យដឹងថា កង្វះថាមពលគឺជាបញ្ហាប្រឈមមុខ ហើយអឺរ៉ុបបានដឹងយ៉ាងច្បាស់ថា ខ្លួនមិនអាចខ្វះការផ្គត់ផ្គង់ពីរុស្សីបានឡើយ ៕ ដោយ ៖ ធីរីណា
ប្រភពរូបថត៖ m.baomoi.com