ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង១៦និង១០នាទីរសៀល ថ្ងៃទី២១ខែសីហាឆ្នាំ២០២២យុវជនដែលធ្លាក់ពីលើក្បូនចូលទឹកស្ទឹងបាត់ខ្លួន ឈ្មោះ វុធ វង់ នៅចំណុចស្ពានយោលតាតោក ស្ថិតនៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបងបានរកឃើញហើយ ជាអកុសលយុវជនរូបនោះបានបាត់បង់ជីវិតទៅហើយ ដោយសាកសពបានរសាត់តាមទឹកហូរបោកពីកន្លែងកើតហេតុតាមបណ្តោយស្ទឹងទៅក្រោមចម្ងាយ ១៣៦០ម៉ែត្រ។
គួរបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជា១១និង៣០នាទី ថ្ងៃទី ២១ ខែ សីហា មានប្រជាពលរដ្ឋ២នាក់ម្នាក់ឈ្មោះ ប៊ូ ផល្លា(រួចផុតពីគ្រោះថ្នាក់) និងម្នាក់ទៀតឈ្មោះ វុធ វង់ អាយុ២១ឆ្នាំ បានបាត់ខ្លួននៅចំណុចស្ពានយោលតាតោកស្ថិតនៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសារតែទឹកមានសភាពហូរខ្លាំងបណ្ដាលឲ្យគួចក្បូនក្រឡាប់នៅពេលធ្វើដំណើរធ្លាក់ចូលទៅក្នុងទឹក។
នៅក្នុងឧបទ្ទវហេតុនេះយុវជនឈ្មោះ ប៊ូ ផល្លា បានស្រវ៉ាតោងប៊ីដុងក្បូនជាប់រួចផុតគ្រោះថ្នាក់ ចំណែកឯយុវជនម្នាក់ទៀត ឈ្មោះ វុធ វង់ ធ្លាក់ចូលទឹកគួបផ្សំជាមួយសម្លៀកបំពាក់ក្រាស់ធ្ងន់ផង បណ្ដាលឲ្យផុតដៃផុតជើង ហូរតាមទឹកលិចបាត់រកមិនទាន់ឃើញ។ លុះរហូតដល់រសៀលថ្ងៃទី២១ខែសីហាឆ្នាំ២០២២ទើបរកសពឃើញ។
គួរបញ្ជាក់ផងដែរថា កម្លាំងអន្ដរាគមន៍កង៥០២ សហការជាមួយកម្លាំងអន្ដរាគមន៍កងពលតូចថ្មើរជើងលេខ៥២ ផ្នែកសឹករងស្រុកសំឡូត,នគរបាលការពារព្រំដែនលេខ៣១០ នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំតាតោក និងពលរដ្ឋសរុប ប្រមាណ៤០នាក់ បានសហការគ្នាស្វែងអ្នកបាត់ខ្លួនរហូតបានឃើញសាកសពនៅរសៀលថ្ងៃទី២១ខែសីហាឆ្នាំ២០២២ ដោយប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សូរិយា