ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្វាយរៀងចុះពិនិត្យមើលវឌ្ឍនភាពនិងគម្រោងអភិវឌ្ឍន៍នានាក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២២នេះ បានចុះពិនិត្យវឌ្ឍនភាពនិងគម្រោងអភិវឌ្ឍន៍នានាក្នុងក្រុងស្វាយរៀងដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែស្រស់ស្អាត មានកន្លែងលំហែកម្សាន្តកាន់តែច្រើនសម្បូរបែបសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មកទស្សនាកម្សាន្តបន្ថែមទៀត។

    លោកសរ សុដានី អភិបាលរងក្រុងតំណាងលោកអភិបាលក្រុងស្វាយរៀងបានឱ្យដឹងថា ចក្ខុវិស័យដ៏វែងឆ្ងាយនិងច្បាស់លាស់ក្រោមការដឹកនាំរបស់លោក  ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានធ្វើឱ្យខេត្តទាំងមូលមានការអភិវឌ្ឍយ៉ាងលឿនលើគ្រប់វិស័យ និងខឿនសេដ្ឋកិច្ចកាន់តែរឹងមាំ តាមរយៈការកៀរគរអ្នកវិនិយោគឱ្យមកបណ្តាក់ទុនបង្កើតទីផ្សារការងារយ៉ាងច្រើននៅក្នុងទឹកដីខេត្តស្វាយរៀង ជាពិសេសទឹកដីក្រុងស្វាយរៀង ខណៈដែលបងប្អូនប្រជាពលរដ្ឋមានការងារធ្វើនិងមានជីវភាពកាន់តែល្អប្រសើរដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅខេត្តផ្សេងឡើយ។

    លោកអភិបាលរងក្រុងបន្តទៀតថា ការអភិវឌ្ឍនិងកែលម្អសោភណភាពនិងបរិស្ថាននៅត្រើយខាងកើតទន្លេវ៉ៃគោបន្ថែមទៀតនោះគឺដើម្បីធ្វើយ៉ាងណាឱ្យក្រុងស្វាយរៀងជាក្រុងដែលមានសោភណភាពស្រស់ស្អាត បរិស្ថានល្អ គ្មានទឹកជំនន់នៅរដូវវស្សាដើម្បីទាក់ទាញភ្ញៀវទេសចរទាំងនៅក្នុងខេត្ត ទាំងនៅក្រៅខេត្ត រួមនឹងភ្ញៀវទេសចរអន្តរជាតិដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យអុំទូករបស់ខេត្តឆ្នាំ២០២២ នៅពេលខាងមុខនេះ។

     សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃការអភិវឌ្ឍក្រុងស្វាយរៀងនេះ លោក ម៉ែន វិបុលអភិបាលខេត្តក៏បានធ្វើការណែនាំទៅដល់មន្ត្រីមន្ទីរជំនាញនិងលោកអភិបាលក្រុងស្វាយរៀងត្រូវរួមសហការគ្នាឱ្យបានល្អដើម្បីធ្វើការអភិវឌ្ឍគម្រោងនានាឱ្យបានសម្រេចជោគជ័យ ក្នុងនោះត្រូវផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅក្នុងក្រុងស្វាយរៀងដែលរស់នៅជុំវិញទន្លេវ៉ៃគោឱ្យចូលរួមនិងគាំទ្រការអភិវឌ្ឍខេត្តដើម្បីធ្វើយ៉ាងណាឱ្យខេត្តស្វាយរៀងយើងមានការរីកចម្រើនក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖យឹម សុថាន


ចែករំលែក៖