ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមរដ្ឋសភាកម្ពុជាបានគាំទ្រ បេសកកម្មនិងតួនាទីរបស់អង្គការសហប្រជាជាតិ ជាពិសេសតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងការដោះស្រាយបញ្ហាវិវាទ និងជម្លោះនានា ដែលកំពុងកើតមាននៅទូទាំងសកលលោក។
សម្តេចបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអនុញ្ញាតឲ្យលោក អាប់ឌូឡា សាហ៊ីដ ប្រធានអង្គមហាសន្និបាតលើកទី៧៦ នៃអង្គការសហប្រជាជាតិក្នុងឱកាសចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហាឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះ លោក អាប់ឌូឡា សាហ៊ីដ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម នៅក្នុងកំឡុងបំពេញទស្សនកិច្ចនៅកម្ពុជា។ លោក បានសម្តែងការកោតសរសើរចំពោះវីរភាពនិងកាលៈបង់ដ៏ធំធេងរបស់សម្តេចប្រធានរដ្ឋសភាក្នុងការរំដោះប្រទេសកម្ពុជា ស្តារ និងអភិវឌ្ឍប្រទេសជាតិរហូតមកស្ទើរពេញមួយជីវិតរបស់សម្តេច។
លោក អាប់ឌូឡា សាហ៊ីដ បានលើកឡើងពីតួនាទីដ៏ជិតស្និទ្ធនិងមិនអាចខ្វះបានរវាង អង្គការសហប្រជាតិ និងអន្តរសភា(IPU)។ លោក បានគូសបញ្ជាក់ថាកម្ពុជាជាប្រទេសគំរូមួយ ដែលបណ្តាប្រទេសនានាគួរយកតម្រាប់តាម ដោយសារកម្ពុជាបានប្រែក្លាយពីប្រទេសដែលទទួលកងរក្សាសន្តិភាពអង្គការសហប្រជាតិនៅឆ្នាំ១៩៩៣ ប៉ុន្តែពេលនេះកម្ពុជាបានបញ្ជួនកងកម្លាំងស្ម័គ្រចិត្តរបស់ខ្លួន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មមនុស្សធម៌ រក្សាសុខសន្តិភាព នៅប្រទេសជាច្រើនក្នុងសកលលោក។
លោក អាប់ឌូឡា សាហ៊ីដ បានជូនពរឲ្យកម្ពុជាសម្រេចបានគោលដៅអភិឌ្ឍន៍ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិដែលតែងផ្តល់ការគាំទ្រ និងកិច្ចសហការក្នុងការរួមចំណែកអភិវឌ្ឍកម្ពុជា ជាពិសេស ការផ្តល់វ៉ាក់សាំងកូវីដ-១៩ សំភារៈបច្ចេក ទេស និងឧបករណ៌វេជ្ជសាស្រ្ត ដែលរួមចំណែកដល់ ភាពជោគជ័យ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចបានមានប្រសាសន៍លើកឡើងថា ការចាប់បដិសន្ធិ នៃព្រះរាជាណាចក្រកម្ពុជា ជាលើកទី២ គឺមានការជ្រោមជ្រែងយ៉ាងសកម្មពីអង្គការសហប្រជាជាតិ ដែលធ្វើឱ្យកម្ពុជាអាចចូលរួមចំណែកយ៉ាងសកម្មជាមួយដៃគូរអន្តរជាតិនានា ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញាត្តិ ក្នុងការឈានទៅសម្រេចបាននូវរាល់របៀបវារៈសកលនានា ដែលបានដាក់ចេញ ក្នុងនោះរួមមាន របៀបវារៈអភិវឌ្ឍន៍សកលឆ្នាំ២០៣០ ជាដើម។ នាដើមទសវត្សឆ្នាំ៩០ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី សន្តិភាពនៅកម្ពុជា អង្គការសហប្រជាជាតិ បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកជួយកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន កម្ពុជាបានក្លាយខ្លួនជាប្រទេសដែលបានរួមចំណែកជាមួយអង្គការសហប្រជាជាតិវិញ ក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងពិភពលោក តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពជាង៨ពាន់នាក់ ចូលរួមក្នុងបេសកកម្មចំនួន១១ លើក ក្នុងប្រទេសចំនួន៩។ ការចូលរួមយ៉ាងសកម្ម និងដ៏មានតម្លៃនេះ ធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ ក្នុងចំណោម ១២២ ប្រទេស។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ចាប់តាំងពីអាណត្តិទី១ រហូតដល់ចុងអាណត្តិទី៦នេះ រដ្ឋសភាកម្ពុជាក៏បានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងកសាងសន្តិភាពក្នុងតំបន់និងសកលលោក ជាមួយដៃគូស្ថាប័ននីតិប្បញ្ញាត្តិនានា ក្នុងការប្រតិបត្តិការងារការទូតសភា ជាពិសេសតាមរយៈស្ថាប័នសហភាពអន្តរសភា (IPU) ដែលមានភារកិច្ចធ្វើសេចក្តីរាយការណ៍ជូនអង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ៕
ដោយ៖ស តារា