ព័ត៌មានទាន់ហេតុការណ៍៖

Sancho ជួយ Manchester United បន្តឈ្នះ ឡើងឈរលេខ៥បណ្តោះអាសន្ន

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United ប្រមូលបានជ័យជម្នះជាលើកទី៣ជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងគ្រាប់បាល់បញ្ចូលទីរបស់ Jadon Sancho ក្នុងតង់ទី១ ដែលផ្តល់ឱ្យពួកគេឈ្នះ ១ទល់០ លើក្រុមម្ចាស់ផ្ទះ Leicester City នៅកីឡដ្ឋាន King Power កាលពីរាត្រីថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ។

Sancho បានផ្តល់ការបញ្ចប់ទីដ៏ល្អ ដោយញាក់បាល់ផុតដៃអ្នកចាំទី Danny Ward ស៊ុតបញ្ចូលទីនៅនាទីទី២៣ បន្ទាប់ពីត្រូវបានបង្កើតឱកាសដោយខ្សែប្រយុទ្ធ Marcus Rashford ពីការបញ្ជូនបន្តដោយ Bruno Fernandes។

ចំណែកកីឡាករ James Maddison មានឱកាសឲ្យក្រុម Leicester ជាមួយនឹងការស៊ុតបាល់ពិន័យ Free-kick ដ៏អស្ចារ្យ ប៉ុន្តែត្រូវបានជួយសង្រ្គោះយ៉ាងល្អពី David De Gea របស់ United។

នៅក្នុងការប្រកួតតង់ទី១ក្រុមបិសាចក្រហម​ Man Utd បានព្យាយាមស្វែងរកឱកាសតិចតួច ដោយលោក​ Erik ten Hag បានសម្រេច​ចិត្តប្តូរខ្សែប្រយុទ្ធ Cristiano Ronaldo ចូលនៅនៅ​នាទី​៦៨។ Ronaldo ដែល​ត្រូវ​បាន​គេ​ទាក់​ទង​នឹង​ការ​ចាក​ចេញ​ពី​ក្លិប​ក្នុង​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នោះ បានលើកទឹកចិត្ត និងមានភាពរីករាយក្នុងការលេងនៅទីលានដែល Man United ទទួលជ័យជម្នះនេះ។

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យក្រុមបិសាចក្រហម Manchester United ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី៥​ដោយ​មាន​៩​ពិន្ទុ​ពី​ការ​ប្រកួត៥​លើក ដោយ​ដេញ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Arsenal ចំនួន៦ពិន្ទុ និង​តាម​ពី​ក្រោយ​ក្រុម​លេខ២ Macnhester City ចំនួន៤ពិន្ទុ ខណៈដែលក្រុមLeicester ស្ថិតនៅបាតតារាងមានតែ១ពិន្ទុប៉ុណ្ណោះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖