ក្លិបតោខៀវ Chelsea គ្រោងនឹងជួបពិភាក្សាជាមួយគ្រូបង្វឹក Brighton លោក Graham Potter អំពីការជំនួសលោក Thomas Tuchel ដែលត្រូវបានបណ្តេញចេញ។
លោក Tuchel ដែលបានឈ្នះពានរង្វាន់ចំនួនបីក្នុងរយៈពេល២០ខែនៅកីឡដ្ឋាន Stamford Bridge ត្រូវបានបណ្តេញចេញដោយក្រុមតោខៀវកាលពីថ្ងៃពុធ។
អតីតគ្រូបង្វឹក Swansea និង Ostersunds FK លោក Potter មានវ័យ៤៧ឆ្នាំត្រូវបានអនុញ្ញាតដោយក្លិប Brighton ដើម្បីនិយាយជាមួយភាគីក្លិប Chelsea ខណៈដែលលោក Tuchel ត្រូវបានបណ្តេញចេញពីការងារបន្ទាប់ពីបាត់បង់ទំនុកចិត្តលើកីឡាកររបស់ Chelsea និងម្ចាស់ថ្មីដែលបានចូលកាន់តំណែងនៅក្លិបកាលពីខែឧសភា។
លោក Potter ដែលត្រូវបានគេចាត់ទុកថា ជាអនាគតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបាននាំក្រុម Brighton ឡើងទៅលេខរៀងទី៤ក្នុងតារាងក្នុងរដូវកាលនេះបន្ទាប់ពីឈ្នះ៤លើក និងស្មើមួយប្រកួតនិងចាញ់១ប្រកួតក្នុងចំណោម៦ប្រកួតនៅ Premier League រដូវកាលនេះ។ គាត់ត្រូវបានតែងតាំងនៅក្នុងខែឧសភា ឆ្នាំ ២០១៩ ហើយបានដឹកនាំក្លិបឈានដល់ចំណាត់ថ្នាក់ទី១៥ ទី១៦ និងទី៩ ក្នុងការដឹកនាំ៣រដូវកាលរបស់គាត់។
ភាពជាម្ចាស់ថ្មីរបស់ក្លិប Chelsea គ្រប់គ្រងការចំណាយ២៥៥.៣លានផោនក្នុងទីផ្សាររដូវក្តៅ ដោយនាំយកកីឡាករថ្មីចំនួន៨នាក់។ ក្រុមនេះឈរនៅលេខរៀងទី៦ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីឈ្នះ៣ ស្មើ១និងចាញ់២នៅពេលដែលពួកគេបានចែកផ្លូវជាមួយលោក Tuchel ។
សារព័ត៌មាន BBC Sport បានឲ្យដឹងថា ការសម្រេចចិត្តបណ្ដេញគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះនឹងត្រូវបានគេចាត់ទុកមិនមែនដោយសារការចាញ់ ១-០ ក្នុងការប្រកួតបើកឆាក Champions League របស់ពួកគេនៅលើទឹកដីក្រុម Dinamo Zagreb កាលពីថ្ងៃអង្គារនោះទេ។
Chelsea គ្រោងនឹងធ្វើការណាត់ជួបយ៉ាងរហ័ស ហើយលោក Potter ស្ថិតក្នុងចំណោមអ្នកចាប់អារម្មណ៍ក្នុងការកាន់កាប់តំណែងជាគ្រូបង្វឹក រួមជាមួយនឹងអតីតគ្រូបង្វឹក Spurs និង Paris St-Germain លោក Mauricio Pochettino, អតីតអ្នកចាត់ការ Real Madrid លោក Zinedine Zidane និងគ្រូបង្វឹក Leicester បច្ចុប្បន្នលោក Brendan Rodgers ។
ទាក់ទងនឹងការស្វែងរកអ្នកជំនួសលោក Tuchel ក្លិបតោខៀវក៏ត្រូវបានគេជឿថា កំពុងស្វែងរកអ្នកគ្រប់គ្រងរយៈពេលវែងដែលចែករំលែកចក្ខុវិស័យរបស់ពួកគេសម្រាប់វប្បធម៌សហការគ្នា ហើយដែលនឹងផ្តោតលើការអភិវឌ្ឍន៍កីឡាករទាំងអស់នៅក្នុងក្រុម ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)