ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើប Ford Tuner បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបររួមដំណើរជាមួយបុរសពីរនាក់ទៀតសង្ស័យស្រវឹងស្រាខ្លាំងហើយបានបើករថយន្តស៊េរីទំនើបម៉ាក Ford Tuner ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តឡើងលើរបាំងថ្មកល់ជាប់នៅខាងលើរងការខូចខាតយ៉ាងដំណំ និងទៅមុខលែងរួច កាលពីវេលាម៉ោង១០ យប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបផ្សារទួលគោក តាមបណ្ដោយផ្លូវលេខ២៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសពីរនាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Ford Tuner ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2O-9815 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តឡើងលើរបាំងថ្មកល់ជាប់ទៅមុខលែងរួច ចំណែករបាំងថ្មរងការខូចខាតបន្តិចបន្តួច។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងស្ទូចរថយន្តបង្កយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖