ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីរុស្ស៊ីនិងចិនប្តេជ្ញា រៀបចំពិភពលោកឱ្យមានយុត្តិធម៌ និងសន្តិសុខសណ្តាប់ធ្នាប់

ចែករំលែក៖

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ដល់ពេលដែលរុស្ស៊ីនិងចិនត្រូវតែបង្កើតសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញទាំងនយោបាយនិងសេដ្ឋកិច្ច មិនអាចទុកឱ្យអាមេរិកនិងលោកខាងលិចធ្វើតាមតែចិត្តនោះទេ ដែលដាក់គំនាបទៅលើប្រទេសដែលមិនព្រមចុះញ៉មខ្លួន។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា មន្រ្តីទូតជាន់ខ្ពស់ចិនមួយរូបបាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការរៀបចំសណ្តាប់ធ្នាប់អន្តរជាតិរួមគ្នាជាមួយរុស្ស៊ីក្នុង «ទិសដៅប្រកបដោយវិចារណញ្ញាណ និងយុត្តិធម៌ជាងមុន» ខណៈដែលមេដឹកនាំនៃប្រទេសទាំងពីរគ្រោងនឹងជួបប្រជុំគ្នាក្នុងសប្តាហ៍នេះ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន ប្រធានកិច្ចការបរទេសរបស់បក្សកុម្មុយនិស្តចិន លោក យ៉ាង ជាឈី (Yang Jiechi) បានប្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសចិនលោក អាន់ដ្រេ ដេនីសូវ (Andrey Denisov) កាលពីថ្ងៃចន្ទសប្តាហ៍នេះថា «ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតី លោក ស៉ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ទំនាក់ទំនងរវាងប្រទេសទាំងពីរ តែងតែឆ្ពោះទៅមុខនៅលើផ្លូវដ៏ត្រឹមត្រូវ។ ចិនមានឆន្ទៈក្នុងការធ្វើការជាមួយរុស្ស៊ី ដើម្បីបន្តអនុវត្តស្មារតីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តកម្រិតខ្ពស់ ការពារផលប្រយោជន៍រួមរបស់ភាគីទាំងពីរ និងជំរុញការអភិវឌ្ឍសណ្តាប់ធ្នាប់អន្តរជាតិផងដែរ»។
ជាការឆ្លើយតប លោក ដេនីសូវ បានសម្តែងការកោតសរសើរចំពោះ «លទ្ធផលជាផ្លែផ្កា» នៃទំនាក់ទំនងទ្វេភាគី។ ជាមួយគ្នានេះ លោក ពូទីន និងលោក ស៊ី ក៏គ្រោងនឹងជួបគ្នានៅក្នុងប្រទេសអ៊ុយបេគីស្ថាន នាសប្តាហ៍នេះនៅខាងក្រៅកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសក្នុងតំបន់។
ទំនាក់ទំនងរវាងអតីតសម្ព័ន្ធមិត្តក្នុងសម័យសង្រ្គាមត្រជាក់ទាំងពីរនេះ កាន់តែមានភាពរីកចម្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីសប្តាហ៍មុន សមាជិកសភាកំពូលម្នាក់របស់ទីក្រុងប៉េកាំង គឺ លោក លី ចានស៊ូ (Li Zhanshu) បានក្លាយជាអ្នកនយោបាយជាន់ខ្ពស់បំផុតនៃគណបក្សកុម្មុយនិស្តចិន ដែលបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង៕

ដោយ៖ ធីរីណា(រូបថត៖ TTXVN )


ចែករំលែក៖