ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបរវាងប្រធានាធិបតីរុស្ស៊ី នឹងចិន មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ស្ថានភាពសន្តិសុខពិភពលោកបច្ចុប្បន្ន

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោកពូទីននឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដោយប្រមុខដឹកនាំប្រទេសទាំងពីរនឹងពិភាក្សាគ្នាផ្តោតសំខាន់ទៅលើ បញ្ហាកោះតៃវ៉ាន់ និងអ៊ុយក្រែន ។ ជំនួបដ៏មានអត្ថន័យនោះនឹងត្រូវបានធ្វើឡើងនៅប្រទេសអ៊ុយបេគីស្ថាន នាថ្ងៃទី១៥ខែកញ្ញា ។
ទីប្រឹក្សាវិមានក្រឹមឡាំង លោក Yuri Ushakov បានប្រកាសថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងបើកកិច្ចពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន ក្នុងនោះរួមមានទាំងសំណុំរឿងអ៊ុយក្រែន និងតៃវ៉ាន់ផងដែរ ។
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា លោក ស៊ី ជីនពីង នឹងចាកចេញពីប្រទេសចិនជាលើកដំបូងក្នុងរយៈពេលជាង ២ឆ្នាំមកនេះ ពោលគឺចាប់តាំងពីការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតកូវីដ-១៩ មក សម្រាប់ដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល ជាទីដែលលោកនឹងត្រូវជួបជាមួយលោកពូទីន។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងមូស្គូ នៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Yuri Ushakov បានបញ្ជាក់ថាលោក ពូទីន និងលោក ស៊ី ជីនពីង នឹងត្រូវពិភាក្សាលើរបៀបវារៈនៃទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិសំខាន់ៗ ក្នុងនោះរួមមានទាំងអ៊ុយក្រែន និងតៃវ៉ាន់ ព្រមទាំង ធ្វើការវាយតម្លៃពីកម្រិតខ្ពស់នៃការជឿទុកចិត្តគ្នាទៅវិញទៅមកមិនធ្លាប់មានពីមុនមកនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។
លោក ពូទីន និងលោកស៊ី
ជីនពីង នឹងត្រូវជួបមុខគ្នាដោយផ្ទាល់ នាឱកាសដែលមេដឹកនាំនៃប្រទេសទាំង២ចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងប្រទេសអ៊ុយបេគីស្ថាន៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖