ខេត្តពោធិ៍សាត់៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី០៧ ខែតុលា ឆ្នាំ២០២២នេះថា៖ បុរសវ័យ៦៦ឆ្នាំម្នាក់ បានផឹកស្រាស្រវឹងជោគជាំ ដើរធ្លាក់ទឹកស្រះបណ្តាលឲ្យលង់ស្លាប់ បាត់បង់ជីវិត ករណីនេះកើតឡើងនៅភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី០៦ ខែតុលាម្សិលមិញនេះ។
យោងតាមកំណត់ហេតុបំភ្លឺរបស់ឈ្មោះ ប្រាជ្ញ វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើបានឲ្យដឹងថា នៅវេលាម៉ោង១៥៖០០នាទីរសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ខ្លួនបានជិះម៉ូតូមកពីផ្ទះមិត្តភក្កិនៅឯភូមិកំពង់ឡ មកដល់ផ្ទះភ្លាមកូនស្រីរបស់ខ្លួនឈ្មោះ ព្រឿន សុបញ្ញា ភេទស្រីអាយុ០៥ឆ្នាំ បានប្រាប់ខ្លួនថាមានមនុស្សលង់ទឹកក្នុងស្រះខាងក្រោយផ្ទះ លោកតាម្នាក់នោះមានកាន់ឈើច្រត់និងពាក់មួកខ្មៅ ។ ពេលឮកូនប្រាប់ខ្លួនអាចដឹងស្គាល់ប្រហែលជាលោកតាម៉ៃ ខ្លួនក៏ជិះម៉ូតូ ជួបជាមួយឈ្មោះ សេក ម៉ុន ជាកូនបង្កើតរបស់សពតាមផ្លូវក៏បបួលគាត់មកមើលស្បែកជើងនិងមួកនៅច្រាំងស្រះពិតជាមួកនឹងស្បែកជើងរបស់ឪពុកគាត់មែនបន្ទាប់មកខ្លួននិងកូនអ៊ុំម៉ៃបានស្រែកហៅបងប្អូនជិតខាងឲ្យមកជួយ ចុះរាវរកសពអ៊ុំម៉ៃស្លាប់បាត់ទៅហើយ។
យោងតាមកំណត់ហេតុស្តាប់ការបំភ្លឺឈ្មោះ ក្រាញ់ រ៉េត អាយុ៦៩ ឆ្នាំជនជាតិខ្មែរត្រូវជាប្រពន្ធសពបានបំភ្លឺថានៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨.០០ ព្រឹកប្ដីរបស់ខ្លួនឈ្មោះញឹក ឈន ហៅម៉ៃ តែងតែចេញពីផ្ទះបាត់ៗមិនដឹងទៅផឹកនៅឯណាទេ ។
លុះម៉ោងប្រហែល១៥៖០០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ស្រាប់តែឃើញឈ្មោះចិត្រត្រូវជាក្មួយបានមកសួរខ្លួនថាអ៊ុំៗឃើញអ៊ុំម៉ៃអត់ ខ្លួនបានឆ្លើយថាអត់ឃើញទេ ។ ពេលនោះក្មួយចិត្រសួរទៀតខ្លួនថាអ៊ុំម៉ៃគាត់ពាក់ស្បែកជើងពណ៌អី?ខ្លួនឆ្លើយថាពាក់ស្បែកជើងពណ៌សនិងមួកពណ៌ខ្មៅកាន់ឈើច្រត់ បន្ទាប់មកក្មួយចិត្រក៏ជិះម៉ូតូចេញបាត់ទៅ មួយសន្ទុះក្រោយមកទើបដឹងថាប្ដីរបស់ខ្លួនលង់ទឹកស្លាប់ ។
លោកវរសេនីយ៍ទោ មោក ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ ញឹក ឈន ហៅម៉ៃ ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរជាកសិករ មានទីលំនៅក្នុងភូមិ.ឃុំកើតហេតុខាងលើ ពិតជាស្លាប់ដោយសារស្រវឹងធ្លាក់ទឹកស្រះលង់ស្លាប់ប្រាកដមែន ដោយការធ្វើកោសល្យវិច្ឆ័យ និងពិនិត្យកន្លែងកើហេតុ ពុំឃើញមានពាក់ព័ន្ធនិងអំពើឃាតកម្មទេ ចំពោះសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖អារុណរះ