ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ប្រជាពលរដ្ឋមានសេចក្តីសប្បាយរីករាយឡើងវិញក្រោយលោក ជា សុផារ៉ា បញ្ជាក់ច្បាស់ៗថា ករណីប្រជាពលរដ្ឋនៅឃុំព្រះដាក់ គឺឈរលើករណីស្ម័គ្រចិត្ត មិនបង្ខំឱ្យចេញពីស្រុកចាស់នេះទេ

ចែករំលែក៖

ខេត្តសៀមរាប៖ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ប្រធានក្រុមការងារតម្រង់ទិសដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរក្នុងពិធីសំណេះ សំណាល និងផ្តល់ព័ត៌មានជាក់លាក់ដល់ពលរដ្ឋ ឃុំព្រះដាក់នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានថ្លែងទៅកាន់ប្រជាពលរដ្ឋច្បាស់ៗថា ករណីប្រជាពលរដ្ឋនៅឃុំព្រះដាក់ គឺឈរលើករណីស្ម័គ្រចិត្តតែប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាលមិនបានបង្ខំឱ្យចេញពីស្រុកចាស់នេះទេ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មានប្រសាសន៍ថា កន្លងមក រាជរដ្ឋាភិបាលមានបំណងដាក់បញ្ចូលទឹកក្នុងបារាយណ៍ខាងកើតឡើងវិញ ដែលអាចមានទឹកប្រើ ប្រាស់ចំនួន ៣០លានម៉ែត្រគីប តែដោយករណីប៉ះពាល់ច្រើន ទើបរាជរដ្ឋាភិបាលពិចារណាដាក់បញ្ចូលទឹកតែមួយផ្នែកប៉ុណ្ណោះ គឺនៅផ្នែកខាងលិច ដែលភាគច្រើនជាដីស្រែ។

លោក ជា សុផារ៉ា បញ្ជាក់ប្រាប់ឱ្យពលរដ្ឋម្ចាស់ស្រុកបន្ថែមថា ធ្វើយ៉ាងណា ទប់ស្កាត់កុំឱ្យមានសំណង់ថ្មីកើនឡើង រក្សាទំនៀមទម្លាប់ពីបុរាណ និងកុំប៉ះពាល់ដល់ទីបុរាណដ្ឋាននានានៅក្នុងភូមិ ដើម្បីរក្សាតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា រមណីយដ្ឋានអង្គរ ដែលត្រូវបានចុះក្នុងបញ្ជីសម្បត្ដិបេតិកភណ្ឌពិភពលោក មានសារ:សំខាន់ ក្នុងការស្រូបយកភ្ញៀវទេសចរគ្រប់ជាតិសាសន៍។ ការលំហូរអ្នកទេសចរ បានផ្ដល់ចំណូលថវិកាដល់ប្រជាពលរដ្ឋខ្មែរ ដូចនេះប្រជា ពលរដ្ឋខ្មែរត្រូវចូលរួមថែរក្សា។ លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ឃុំព្រះដាក់ជាតំបន់កសិទេសចរដ៏សំខាន់ដែលធ្វើឱ្យក្រុមឈ្មួញចង់បានដីនៅទីនោះ ដែល បណ្ដាលឱ្យមានអ្នកចំណូលថ្មីប៉ះពាល់ដល់របៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា មក ដល់ពេលនេះ សំណង់ខុសច្បាប់មានការកើនឡើងដល់ ២,២៤០ករណី.. គួរឱ្យព្រួយបារម្ភ។

 បើតាមលោកជា សុផារ៉ា បានឱ្យដឹងថា ភូមិចំនួន ៦នៅឃុំព្រះដាក់ ដែលមិនត្រូវឱ្យចាកចេញពីតំបន់អង្គរនេះ រួមមាន ភូមិព្រះដាក់, ភូមិថ្នល់បណ្ដោយ, ភូមិថ្នល់ទទឹង, ភូមិអូរទទឹង, ភូមិតាត្រៃ និងភូមិតាកុះ។ ភូមិទាំង ៦នេះ មានការកើនឡើងនៃសំណង់ខុសច្បាប់នោះ រួមមាន នៅក្នុងភូមិព្រះដាក់កើនឡើង ៥០៩គ្រួសារ, ភូមិថ្នល់បណ្ដោយកើនឡើង ១១៤គ្រួសារ, ភូមិថ្នល់ទទឹង ២៨០គ្រួសារ, នៅភូមិតាត្រៃកើនឡើង ៣៣២គ្រួសារ, នៅភូមិតាកុះកើន ៦៨៤គ្រួសារ និងនៅអូទទឹងកើន ៣៩១គ្រួសារ។

ប្រជាពលរដ្ឋដែលបានចូលរួម បានសម្ដែងអារម្មណ៍រីករាយជាខ្លាំងក្រោយស្ដាប់ការបកស្រាយរបស់លោក ជា សុផារ៉ា។ លោកតា ភួន មានវ័យ៦០ឆ្នាំជាងរស់នៅភូមិព្រះដាក់ ប្រាប់ថា ពីមុនលោកមានអារម្មណ៍ភ័យព្រួយជាខ្លាំង តែឥឡូវបានសប្បាយរីករាយឡើងវិញហើយ៕

ដោយ៖ សូរិយា


ចែករំលែក៖