ខេត្តសៀមរាប ៖ បុរសម្នាក់ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ផ្នែកអត្តសញ្ញាណប័ណ្ណ បានយកកាំភ្លើងបាញ់ក្បាលខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់ដល់ពាក់កណ្តាលផ្លូវ ក្នុងពេលដែលសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ ករណីអត្តឃាត (បាញ់សម្លាប់ខ្លួន)បានកើតឡើងនៅវេលាម៉ោង០០និង ១៥ នាទីយប់អធ្រាត្រឈានចូលថ្ងៃ សុក្រ ១២ កើតខែភទ្របទ ឆ្នាំខាលចត្វាស័កព.ស ២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែតុលាឆ្នាំ ២០២២ ស្ថិតនៅចំណុចផ្ទះជួលក្នុងក្រុមទី៨ ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង-ខេត្តសៀមរាប។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៧ ខែ តុលា ឆ្នាំ ២០២២ នេះថា ជនរងគ្រោះឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាមន្ត្រីនគរបាល មានឋាន:នាយរងការិយាល័យអត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋានគរបាលខេត្ត សៀមរាប រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
ប្រភព បានបញ្ជាក់ថា តាមការស្តាប់បំភ្លីសាក្សីឈ្មោះ ម៉ីច័ន្ទ មុន្នីរតនា ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានឱ្យដឹងថា រូបគាត់ជាអ្នករស់នៅជិតខាងនិងជនរង គ្រោះ ហើយកន្លងមកជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធជាញឹកញាប់ដោយសារប្រពន្ធប្រច័ណ្ឌរឿងប្តីដើរផឹកស៊ីដល់យប់ជ្រៅពេក។
លោក ម៉ីច័ន្ទ មុន្នីរតនា បន្តថា ជាក់ស្តែងនៅវេលាម៉ោង ០០និង១៥នាទី យប់អធ្រាត្រឈានចូល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឈ្មោះ តាំង សៀវម៉ី ត្រូវជាប្រពន្ធជនរងគ្រោះបានមកគោះទ្វារផ្ទះហៅរូបខ្ញុំ ឱ្យជួយប្តីរបស់គាត់។ ពេលខ្ញុំមកដល់កន្លែងកើតហេតុក្នុងផ្ទះជនរងគ្រោះ ឃើញជនរងគ្រោះដេកក្នុងថ្លុកឈាមក្បាលបែរទៅទិសខាងកើត។ ភ្លាមនោះពួកគាត់នាំគ្នាលើកជនរង គ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែពេទ្យមិនទទួលទើបក្រុមគ្រួសារជនរងគ្រោះបន្ដបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ លុះដល់ម៉ោង ៨ និង ៣០នាទី ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ប្រពន្ធជនរងគ្រោះបានបញ្ជាក់តាមទូរស័ព្ទមកបងប្អូនវិញថា ជនរងគ្រោះ( ប្តី )បានដាច់ ខ្យល់ស្លាប់បាត់ទៅហើយ។ ប្រភពបញ្ជាក់ទៀតថា សមត្ថកិច្ចជំនាញពុំបានពិនិត្យលេីរាងកាយជនរងគ្រោះទេដោយសារក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញក្រោយកើតហេតុភ្លាមៗ ។ បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលការិយាល័យជំនាញ បានរកឃើញ និងដកហូតវត្ថុតាង មាន÷ អាវុធខ្លីម៉ាក GLOCK 19 លេខ MGDYC 190800097 ទំហំ 9×19mm បង់1 គ្រាប់ចំនួន 11 គ្រាប់(គ្រាប់ឆ្នៃ) នៅលេីតុ ចម្ងាយ ពីជនជនរងគ្រោ២-៣ ម៉ែត្រ,សំបកគ្រាប់ជាប់នៅក្នុងកាំភ្លេីង,ចំណែកក្បាលគ្រាប់ នៅចម្ងាយ ៣០ មីលីម៉ែត្រពីចំណុចចុងជេីងជនរងគ្រោះដួល។
បច្ចុប្បន្នសាកសពជនរងគ្រោះ ជាមន្ត្រីនគរបាលកម្លាំងនគរបាលការិយាល័យជំនាញបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សូរិយា