ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទលួចមានស្ថានទម្ងន់ទោសនៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបាននគរបាលស្រុកពញាឮឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស ក្រោយពីក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូលើដងផ្លូវ។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៧និង១០នាទី នៅចំណុចផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ក្នុងភូមិចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ខៀវ  សាវន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណឫស្សីកែវ រាជធានីភ្នំពេញ។ ក្រុមជនសង្ស័យចំនួន៤នាក់ ឃាត់ខ្លួន០២នាក់ គេចខ្លួន០២នាក់ ទី១-ឈ្មោះ មឿន ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ធ្វើសកម្មភាពឆក់), ២-ឈ្មោះ សុខ ហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(អ្នកបើកម៉ូតូ) , ៣-ឈ្មោះ កក្កដា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មិនស្គាល់ទីលំនៅ និង៤-ឈ្មោះ រ៉ា ហ្វុង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅម្ដុំវត្តគោកបញ្ជាន់ ផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី។  ចំណែកជនសង្ស័យ២នាក់ទៀតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖