ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកអនុម័តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងក្រោយការសាកល្បងមីស៊ីលជាបន្តបន្ទាប់

ចែករំលែក៖

ក្រសួងហិរញ្ញវត្ថុនិងក្រសួងការបរទេសអាមេរិកបានអនុម័តច្បាប់ដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្រោយប្រទេសនេះបានសាកល្បងមីស៊ីលជាច្រើនគ្រាប់មក ។
នៅថ្ងៃទី៧ខែតុលា ក្រសួងហិរញ្ញវត្ថុនិងក្រសួងការបរទេសអាមេរិកបានប្រកាសដាក់ទណ្ឌកម្មទៅលើបុគ្គលពីររូប និងស្ថាប័ន៣ ពាក់ព័ន្ធការសាកល្បងមីស៊ីលជាបន្តបន្ទាប់។
ចំណែកកូរ៉េខាងជើងវិញ នៅថ្ងៃទី៨ខែតុលាបានប្រកាសពីសកម្មភាពបាញ់សាកល្បងមីស៉ីលជាបន្តបន្ទាប់របស់ខ្លួនថាគឺជាស្វ័យការពារប្រឆាំងនឹងការគំរាមកំហែងដោយផ្ទាល់ពីសំណាក់យោធារបស់សហរដ្ឋអាមេរិក ហើយការធ្វើតេស្តអាវុធទាំងអស់នោះ មិនបានប៉ះពាល់ដល់សុវត្ថិភាពនៃប្រទេសជិតខាង និងក្នុងតំបន់ឡើយ។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយសម្តីរបស់អ្នកនាំពាក្យរដ្ឋបាលអាកាសចរស៉ីវិលនៃប្រទេសរបស់ខ្លួនដូច្នេះថា «ការធ្វើតេស្តមីស៉ីលរបស់យើង គឺជាចំណាត់ការស្វ័យការពារដែលមានលក្ខណៈធម្មតា និងត្រូវបានគ្រោងទុកជាមុន ក្រោលគោលដៅការពារសន្តិសុខរបស់ប្រទេសយើង ក៏ដូចជាសន្តិភាពក្នុងតំបន់រងការគំរាមកំហែងដោយផ្ទាល់ពីយោធាអាមេរិក។ ការធ្វើតេស្តមីស៉ីលទាំងនេះ មិនបង្កការគំរាមកំហែងឬប៉ះពាល់ដល់សុវត្ថិភាពនៃបណ្តាប្រទេសជិតខាង និងក្នុងតំបន់នោះឡើយ»។
ទីភ្នាក់ងារព័ត៌មាន KCNA បានបន្ថែមថា ក្រសួងការពារជាតិកូរ៉េខាងជើងកំពុងតែតាមដានយ៉ាងដិតដល់ចំពោះការអភិវឌ្ឍស្ថានការណ៍បច្ចុប្បន្ន ដែលមើលទៅគួរឱ្យព្រួយបារម្ភខ្លាំងពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារវាងអាមេរិកនឹងកូរ៉េខាងត្បូង ដែលមានការចូលរួមរបស់នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan ថែមទៀតផងនោះ។
កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលសរុបចំនួន៦លើក ក្នុងរយៈពេល១២ថ្ងៃ គិតត្រឹមសប្តាហ៍នេះ ដោយក្នុងនោះរួមមានទាំងការបាញ់មីស៉ីលផ្លោងបាលីស្ទីករយៈចម្ងាយមធ្យម ហោះរំលងពីលើប្រទេសជប៉ុនកាលពីថ្ងៃអង្គារទៀតផង៕

ដោយ៖ ធីរីណា


ចែករំលែក៖