យ៉ាងហោចណាស់ក៏មានមនុស្ស ៨នាក់ស្លាប់ និង១៣នាក់ផ្សេងទៀត រងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់រំសេវនៅក្នុងកេសប្រៃសណីយ៍ នៃពន្ធនាគារ Insein ក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី១៩ខែតុលា។
តាមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា បានផ្សាយថា មានបុគ្គលិកសន្តិសុខពន្ធនាគារ៣នាក់ស្លាប់ និងអ្នកដំណើរ៥នាក់ ក្រោយពីមានគ្រាប់បែកពីរគ្រាប់បង្គប់ក្នុងធុងប្រៃសណីយ៍បានផ្ទុះ ។ ក្រៅពីអ្នកស្លាប់នៅមានមនុស្ស១៣នាក់ផ្សេងទៀតរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានទាំងបូលិសចរាចរណ៍ផងដែរ ។ ចំណែកអ្នករងរបួសស្រាលបានព្យាបាលនៅនឹងកន្លែង។
កម្លាំងសន្តិសុខក៏បានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗដើម្បីគ្រប់គ្រងស្ថានភាព។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាការវាយប្រហាររបស់ខ្លួននោះឡើយ។
ពន្ធនាគារ Insein គឺជាពន្ធនាគារដែលបានសាងសង់ឡើងតាំងពីពេលមីយ៉ាន់ម៉ាស្ថិតនៅក្រោមអាណានិគមដែលជាពន្ធនាគារធំបំផុតរបស់ប្រទេសនេះ បានឃុំខ្លួនអ្នកទោសដល់ទៅជាង១ម៉ឺននាក់ ។ ប៉ុន្តែ ក្រោយការធ្វើរដ្ឋប្រហារនៅខែកុម្ភៈឆ្នាំ ២០២១ ពន្ធនាគារនេះ បានឃុំខ្លួនអ្នកនយោបាយប្រឆាំងយោធារាប់ពាន់នាក់ ៕ ដោយ៖ ធីរីណា
រូបថត : AP
រូបថត : zingnews.vn