ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ក្រុមអ្នកលេងកាំបិតហោះ​ចំនួន​ ០២នាក់​ ខណៈ​បក្ខពួក​៧នាក់​ទៀត​ កំពុង​រត់​គេច​ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​លោកវរសេនីយ៍ត្រី​ កាន់​ វណ្ណៈ​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក​ បានឱ្យដឹងនៅរសៀលថ្ងៃ​ពុធ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក​ បានឃាត់ខ្លួន​យុវជន​០២នាក់​ ក្នុង​ចំណោម​បក្ខពួក​០៩​ ដែល​ជាក្រុមអ្នកលេងកាំបិតហោះ​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

លោកវរសេនីយ៍ត្រី​ កាន់​ វណ្ណៈ​ បានឱ្យដឹងទៀតថា​ ករណី​បង្រ្កាបការកាន់កាប់អាវុធដោយខុសច្បាប់(ដាក់កាំបិតបុ័ងតោក្នុងកាបូបស្ពាយ)​ បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី១៨​ ខែតុលា​ម្សិលមិញនេះ​ នៅចំណុចមុខហាងប៊ូហ្វេស្កាយស្ហឹង ផ្លូវលេខ១៥៩ ភូមិ១ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា​ យោង​តាម​ដំណើរ​រឿង​ហេតុ​ កាលពីវេលាម៉ោង​ ៧យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ កម្លាំងផ្នែកយុត្តិធម៌ និងប៉ុស្តិ៍ បានល្បាតក្នុងមូលដ្ឋានទៅដល់ចំណុចមុខហាងប៊ូហ្វេស្កាយស្ហឹង ផ្លូវលេខ១៥៩ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃើញក្មេងទំនើងមួយក្រុម មានគ្នា០៩នាក់ ជិះម៉ូតូ០៤គ្រឿង ពេលឃើញសមត្ថកិច្ចក្រុមនោះបានបើកម៉ូតូគេចខ្លួន ដោយមានសង្ស័យកម្លាំងយើងប្រដេញតាមធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ និងម៉ូតូមួយគ្រឿង ត្រួតពិនិត្យរកឃើញកាំបិតបុ័ងតោ ចំនួន០២ដើម នៅក្នុងកាបូបស្ពាយ ពណ៌ខ្មៅ ក៏នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរតែម្តង។

ជនសង្ស័យទាំង​២នាក់នេះ​ ទី​១-ឈ្មោះ អ៊ុំ សំណាង អាយុ១៦ឆ្នាំ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ និងទី២-ឈ្មោះ សុខ សីហា ភេទប្រុស អាយុ១៤ឆ្នាំ  មុខរបរ សិស្ស ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាំងចាប់យករួមមាន៖​ កាំបិតបុ័ងតោ ចំនួន០២ដើម,កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០២,ទូរស័ព្ទដៃចំនួន០២គ្រឿង(ម៉ាក Iphone x ពណ៌ស និងម៉ាក Iphone 7 plus ពណ៌ផ្កាឈូក) និងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ពណ៌ទឹកមាស សា្លកលេខ ភ្នំពេញ ១GE-៩៨២៧ លេខតួ+លេខម៉ាស៊ីន ៩៦៤៨៩១២។

-ចំពោះមុខកម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសាកសួរចម្លើយបន្តរកបក្ខពួក និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ផងដែរថា​ ទិសដៅបន្តអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ នឹងបន្តខិតខំបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកស្នងការ និងលោកអភិបាលខណ្ឌ៕

ដោយ​៖ស​ តារា​


ចែករំលែក៖