ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសកំបាំងមុខទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិ ៣ជំនាន់ជាប់នៅក្នុងពន្ធនាគារ កំណត់អស់មួយជីវិត និងហាមឃាត់មិនឱ្យធ្វើនយោបាយ អស់មួយជីវិតផងដែរ ក្នុងសំណុំរឿងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយឈ្មោះ កុក ស ប្រធានមូលនិធិជនជាតិដើមភាគតិចម៉ុងតាញ៉ា។
កិច្ចសន្យាកាត់ដីខ្មែរចំនួន៤ ខេត្ត រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម និងផ្តល់ស្វយ័តភាពដល់ក្រុមជនជាតិនេះ ក្នុងការគ្រប់គ្រងនិងចាត់ចែង ប្រសិនបើ គណបក្សសង្គ្រោះជាតិនឹងបានឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ២០១៣។
ការប្រកាសសាលក្រមផ្តន្ទាទោសនេះ បានធ្វេីឡេីងកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ។
គួរបញ្ជាក់ថា ចំពោះកិច្ចព្រមព្រាងរវាងលោក សម រង្ស៊ី នឹងលោក Kok Ksor (កុក ស) មេដឹកនាំចលនាវៀតណាមម៉ុងតាញ៉ា ដោយកាត់ខេត្ដខ្មែរចំនួន៤ ភាគឥសានឲ្យទៅជនជាតិវៀតណាម ម៉ុងតាញ៉ាគ្រប់គ្រងដោយស្វ័យភាពនេះ គឺបាននឹងកំពុងញាំងដល់ទឹកចិត្ដបេះដូងខ្មែរទាំងក្នុង នឹងក្រៅប្រទេសមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លំាងបំផុត អំពីអំពើក្បត់ជាតិដ៏ធំធេង របស់លោក សម រង្ស៊ី។ ដើម្បីឆ្លើយតប នឹងបញ្ហាក្បត់ ជាតិខ្លួនសម រង្ស៊ី ចេញខ្លួនមកការពារខ្លួនទាំងប្រផុយប្រផានតាមវិទ្យុបារំាង ថាការចុះហត្ថលេខារវាងខ្លួន (សម រង្ស៊ី) នឹងលោក Kok Ksor (កុក ស)នេះ គឺដើម្បីទទួលស្គាល់សិទ្ធិស្របច្បាប់ជនជាតិដើមភាគតិចម៉ុងតាញ៉ា ដែលរស់នៅខេត្ដភាគឥសានប្រទេសកម្ពុជា មានដូចជា៖ មណ្ឌលគិរី, រតនគិរី, ក្រចេះ និងស្ទឹងត្រែង៕
ដោយ៖ សូរិយា