កម្លាំងទាហានអ៊ុយក្រែនបានបើកការវាយប្រហារទីក្រុង Energoda ទាំងយប់ក្នុងគោលដៅ ដណ្តើមគ្រប់គ្រងរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Zaporozhye ដែលរុស្ស៊ីគ្រប់គ្រងនោះមកវិញ ។ ប៉ុន្តែការវាយប្រហារនោះត្រូវកម្លាំងទាហានរុស្ស៊ីរារាំងនិងបណ្តេញថយក្រោយវិញ។
ទីក្រុង Energodar ស្ថិតនៅក្នុងតំបន់ Zaporoxhye ជាតំបន់ទើបតែបោះឆ្នោតចូលជាមួយប្រទេសរុស្ស៊ីកាលពីខែកញ្ញាកន្លងមក។ តំបន់នេះក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានរុស្ស៊ីតាំងពីខែមីនាឆ្នាំ២០២២មកដែរ។
ក្នុងពេលនេះដែរ អាជ្ញាធរដែលតែងតាំងដោយទីក្រុងមូស្គូ នៅក្នុងតំបន់ខឺសុន (Kherson) ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា ពួកគេមានផែនការជម្លៀសជនស៊ីវិលយ៉ាងតិចប្រហែល៥០,០០០នាក់ ចំពោះមុខការវាយបករបស់កងកម្លាំងអ៊ុយក្រែន។
លោក វ្ល៉ាឌីមៀរ សាលដូ (Vladimir Saldo) បានប្រាប់ប្រព័ន្ធផ្សពផ្សាយរុស្ស៉ី RIA Novosti យ៉ាងដូច្នេះថា «យើងនឹងជម្លៀសមនុស្សពី៥០,០០០ ទៅ៦០,០០០នាក់ទៅកាន់ច្រាំងខាងឆ្វេងនៃទន្លេឌីនីប្រូ។ ការជម្លៀសនឹងចំណាយពេល៦ថ្ងៃ ខណៈដែលការជម្លៀសតាមទូកបានចាប់ផ្តើមជាបណ្តើរៗហើយ»។ អ្នកដែលត្រូវជម្លៀសខ្លួនទាំងនោះអាចនឹងធ្វើដំណើរទៅកាន់រុស្ស៉ី។
ទីភ្នាក់ងារព័ត៌មានរុស្ស៉ី RIA Novosti បានរាយការណ៍បន្តថា អ្នកស្រុកក្នុងតំបន់បានទទួលសារជាអក្សរជំរុញឱ្យពួកគេជម្លៀសខ្លួន មុនពេលកងទ័ពអ៊ុយក្រែនចាប់ផ្តើមទម្លាក់គ្រាប់បែក។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ មេបញ្ជាការយោធារុស្ស៊ី ដែលដឹកនាំប្រតិបត្តិការនៅអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងរៀបចំផែនការការជម្លៀសពួកគេដោយសុវត្ថិភាព៕
ដោយ៖ ធីរីណា(រូបថត៖ tienphong.vn)